ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនដែលស្លាប់ ត្រូវចាក់ដងខ្លួនចំនួន ១៤ កាំបិត ឯជនដៃដល់ជាយោធាជើងគោក វីរៈ៩១

94


ភ្នំពេញៈ ករណីឃាតកម្ម ចាក់សម្លាប់ ស្លាប់បុរសម្នាក់ និងរបួស២នាក់ ស្គាល់អត្តសញ្ញាណហើយ ឯជនដៃដល់ជាយោធាជើង
គោក វីរៈ៩១ ដែលហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត៨យប់នាថ្ងៃទី២៤ខែធ្នូ ឆ្នាំ ២០១៨នេះ នៅចំណុចភោជ
នីយដ្ឋាន family ផ្លូវលេខ១០១ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅក្នុងថ្លុកឈាម ពេលបញ្ជូនដល់មន្ទីរពេទ្យ និងស្រ្តី២នាក់ទៀត រងបួសធ្ងន់ធ្ងរផងដែរ។

ក្រុមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ៣ នាក់ មានស្លាប់ម្នាក់ និងរបួស២នាក់ រួមមានៈ ១-ឈ្មោះគង់ សុផារ៉ា ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៣៥ ផ្លូវលេខ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ មុខរបរយោធា រងរបួស ដៃនិងជើងទាំងសងខាង ។ ២- ឈ្មោះម៉ែន អេង ភេទស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយជនរងគ្រោះ ឈ្មោះគង់ សុផារ៉ា មុខរបរ លក់បបរ រងរបួសជើងឆ្វេង និងទី៣-ឈ្មោះSong Qingjun ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានមុខរបរប្រធានក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ EA៩៥១០៧៩៩ (ស្លាប់)។

ក្រុមសមត្ថកិច្ចបន្តទៀតថា ស្លាកស្នាមលើខ្លួនសពស្នាមរបួសដាច់រយះ នៅផ្ទៃខ្លួនខាងមុខ ចំនួន៧កន្លែង និងស្នាមរបួសដាច់រយះ នៅផ្ទៃខ្លួនខាងក្រោយចំនួន៦កន្លែង។ ស្នាមដាច់រលាត់នៅលើថ្ងាសលឹង្គ១កន្លែង
រីឯជនសង្ស័យឈ្មោះ គង់ កុសល ភេទប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរយោធាជើងគោក វីរៈ៩១ ត្រូវជាប្ដីដើម របស់ជនរងគ្រោះឈ្មោះ គង់ សុផារ៉ា ដែលកំពុងលែងលះគ្នាតែមិនទាន់បានសាលក្រម។

ក្រុមសមត្ថកិច្ចបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះគង់ សុផារ៉ា និងម្ដាយឈ្មោះម៉ែន អេង រួមទាំងមិត្តប្រុស ជាជនជាតិចិនខាងលើ បាននាំគ្នាមកហូបសាច់អាំង នៅភោជនីយដ្ឋានកន្លែងកើតហេតុ ពេលកំពុងតែហូបស្រាប់តែជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌ស មិនចាំស្លាកលេខ មកឈប់នៅមុខភោជនីយដ្ឋាន រួចចុះពីលើម៉ូតូ ដើរសំដៅទៅរកជនរងគ្រោះ ដោយដៃម្ខាងកាន់អាវុធខ្លី មិនស្គាល់ម៉ាក និងដៃម្ខាងទៀត កាន់កាំបិត រួចចាក់ទៅលើជនរងគ្រោះ ដែលជាជនជាតិចិន គ្មានប្រណីដៃសោះឡើយ ដោយចាក់ចំត្រូវជាច្រើនកាំបិត ត្រូវដងខ្លួនចំនួន ១៤ កាំបិត ធ្លាយពោះវៀនបណ្តាលឲ្យស្លាប់ ពេលនោះជនរងគ្រោះ គង់ សុផារ៉ា និងម្ដាយ ដែលបានចូលទៅឃាត់ នោះក៏ត្រូវជនសង្ស័យ ចាក់ឲ្យរបួស ផងដែរ ហើយជនសង្ស័យ ក៏ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។
ក្រុមសមត្ថកិច្ចជំនាញ បានដាក់ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយការចាក់។ ចំពោះសាកសពយកទៅតម្តល់ទុកនៅវត្តស្ទឹងមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង