ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖ ប្រាក់ឈ្នួល១៨២ដុល្លារ មិនទាន់អាចបំពេញបំណងប្រាថ្នារបស់កម្មករ បាននៅឡើយ

50


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកម្មករ កម្មការិនី នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ១៨២ដុល្លារហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាបំណងប្រាថ្នារបស់សម្តេច។

សម្តេចតេជោ បានថ្លែងថា ប្រាក់ឈ្នួលអប្បបរមា១៨២ដុល្លារនៅឆ្នាំ២០១៩ មិនទាន់អាចបំពេញបំណងប្រាថ្នារបស់កម្មករ កម្មការិនីបាននៅឡើយនោះទេ ប៉ុន្តែសម្រាប់ស្ថានភាពប្រទេសកម្ពុជាដែលធ្លាប់តែខ្ទេចខ្ទាំ និងការហែកហួរដោយភ្លើងសង្គ្រាមពីអតីតកាល ការឈានមកដល់ដំណាក់កាលនេះគឺជារឿងដ៏ល្អប្រសើរ។

នៅព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១៥.៦០៦ នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមកពីខេត្ត កំពង់ស្ពឺ និងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅ ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង២២នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៤, កូរ៉េចំនួន១ និងខ្មែរចំនួន៧ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន៤, ផលិតកេសកាតុងចំនួន២, ផលិតផ្លែសន្ទូចចំនួន១, ផលិតអំពូលភ្លើងចំនួន១, ផលិតនំចំនួន១, ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួន៣ ហើយផលិតដែលផលិតបានត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងផ្គត់ផ្គង់ក្នុងស្រុក។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករបានឈប់សម្រាកនៅល្ងាចថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា នៅសល់តែ៦ថ្ងៃទៀតតែប៉ុណ្ណោះ ឆ្នាំ២០១៩ នឹងចូលមកដល់ ដែលពេលនោះប្រាក់ខែរបស់កូនក្មួយកម្មករ​ កម្មការិនីយើងនឹងត្រូវតម្លើងពី១៧០ដុល្លារ ទៅ១៨២ដុល្លារ បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់កម្មករកម្មការិនីយើងកាន់តែមានភាពល្អប្រសើរ។ ជាពិសេសទៅទៀតនោះ​ នៅឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តការបើកប្រាក់២ដងក្នុង១ខែ ដល់កម្មករកម្មការិនី និងមន្ត្រីរាជការទាំងអស់ ដែលនឹងធ្វើអោយពួកគាត់កាន់តែមានភាពងាយស្រួល ក្នុងការទទួលបានប្រាក់យកមកដោះស្រាយទៅតាមតម្រូវការជីវភាពគ្រួសារប្រចាំថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាន ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលបានចូលរួមក្នុងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណផងដែរចំពោះប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយកម្មករកម្មការិនីដែលបានចូលរួមថែរក្សាសន្តិភាពទុកជាអចិន្ត្រៃ តាមរយៈការបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ប្រទេសឲ្យរីកចម្រើនទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលរាជរដ្ឋាភិបាលដាក់ចេញ គោលនយោបាយឧបត្ថម្ភថវិកា សម្រាប់កម្មការិនីពេលសម្រាលកូន និងស្ត្រីក្នុងគ្រួសារមានជីវភាពក្រីក្រជាដើម គឺជាការខិតខំប្រឹងប្រែងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយមានសេវាគាំពារសង្គមច្បាស់លាស់។

ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញទៅចូលរួមបោះឆ្នោត គឺជាការចូលរួមដំណើរការលទ្ធិប្រជាធិបតេយ្យ និងជាការសម្រេចចិត្តក្នុងរក្សាទុកនូវសុខសន្តិភាព និងការអភិវឌ្ឍតាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសន្យាបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀត ជូនកូនក្មួយកម្មករអោយទទួល បាននូវផលប្រយោជន៍ជាច្រើនថែមទៀត។ ចំពោះការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខ ប្រាក់ខែកូនក្មួយកម្មករនឹងឡើងដល់១៨២ដុល្លារ ដែលនឹងត្រូវបើកជូន២ដងក្នុង១ខែ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថានៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជានឹងរៀបចំសម្ពោធវិមានឈ្នះឈ្នះ ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះទេ។ វិមានឈ្នះឈ្នះ នេះ គឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម ស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ដែលពេលនោះរាជរដ្ឋាភិបាលបានប្រើដៃម្ខាងដោះស្រាយបញ្ចប់សង្គ្រាមស៊ីវិល និងដៃម្ខាងទៀតខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនដែលពេលនេះយើងទទួលបានសុខសន្តិភាពរយៈពេល២០ឆ្នាំមកហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន អំពាវនាវអោយបងប្អូនកូនក្មួយកម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមថែរក្សាសន្តិភាពនេះអោយបានគង់វង្ស។ សម្តេចតេជោបានបញ្ជាក់ផងដែរថា នៅក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះ សម្តេចនឹងអញ្ជើញចូលរួម៣ថ្ងៃនៅទីនោះ រួមនឹងឱកាសឆ្លងឆ្នាំសកលផងដែរ។ សម្តេចតេជោ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីចូលរួមទាំងអស់គ្នានៅទីនោះ ដែលមានកម្មវិធីសប្បាយៗជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រោយពីកម្ពុជាបានងើបពីសង្គ្រាមមក សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រ២សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលទី១គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយក្លាយទៅជាតំបន់ទីផ្សារ តំបន់ដែលមានការអភិវឌ្ឍ តំបន់ដែលប្រជាពលរដ្ឋអាចដាំដុះបង្កបង្កើនផល និងទី២គឺប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយក្លាយទៅជាតំបន់ដែលមានសន្តិភាព និង មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជិតខាង៕

អត្ថបទដែលជាប់ទាក់ទង