ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមខ្នោះដាក់ទណ្ឌិត សម រង្ស៊ី ឲ្យតែហ៊ានចូលស្រុក

59


ភ្នំពេញ៖ ពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សពីរនាក់ ក្លាយទៅជាមនុស្សម្នាក់មិនអាចទៅរួចនោះទេ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រ កាលពីព្រឹកថ្ងៃទី២៦ខែធ្នូនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលឆ្លងផុតដៃព្រឹទ្ធសភាហើយនោះ មិនមែនធ្វើតម្រូវបក្សនយោបាយណា មួយនោះទេ គឺធ្វើសម្រាប់គណបក្សនយោបាយ ទាំងអស់នៅកម្ពុជា។ ច្បាប់នេះ ក៏នឹងមិនអាចឲ្យអ្នកនយោបាយ មានទោសអាចរួចទោស ឬអ្នកនយោបាយ ជាប់បម្រាមធ្វើនយោបាយ អាចរួចផុត ពីបម្រាមនោះដែរ។ ពួកគេត្រូវធ្វើលិខិតស្នើសុំទៅកាន់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬនាយករដ្ឋមន្ត្រី ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណើនេះ ក៏មិនអាចធ្វើជាកញ្ចប់បានដែរ គឺត្រូវធ្វើឡើងមួយដង មួយនាក់ ហើយត្រូវពិនិត្យលក្ខណៈសម្បត្តិផ្សេងៗ ថែមទៀត។

សម្តេចនាយករដ្ឋមន្ត្រី បានឲ្យអតីតសមាជិក អតីតបក្សសង្គ្រោះជាតិ ពិចារណាថា សុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬមិនសុំ ព្រោះបើមិនសុំនឹងគ្មានសិទ្ធិធ្វើនយោបាយ និងចូលរួមការបោះឆ្នោត​ ឃុំសង្កាត់ នៅឆ្នាំ២០២២នោះឡើយ។ សមាជិក សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលមកពីអតីតគណបក្សសង្គ្រោះជាតិ នាពេលកន្លងមក គឺនៅតែបន្តរក្សាតំណែង រហូតដល់ឆ្នាំ២០២២ ហើយអ្នកមានការងារល្អ នឹងបន្តដល់អាណត្តិក្រោយៗទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមានការបង្កើតអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង សង្កាត់ និងខណ្ឌ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំថា ខ្មោចគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញនោះឡើយ។ សម្តេចតេជោ បានផ្តាំទៅអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ កុំដេកយល់សប្តិថា បានត្រឡប់មកធ្វើជាមេឃុំ ចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឡើងវិញឲ្យសោះ។ កុំសង្ឃឹមថា មានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឡើងវិញ។ ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រមានតែនៅឆ្នាំ២០២៣តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមខ្នោះដាក់ទណ្ឌិត សម រង្ស៊ី ឲ្យតែហ៊ានចូលស្រុក។ ប្រសិនបើទណ្ឌិត សម រង្ស៊ី មិនហ៊ានចូលស្រុកទេ គឺមិនមែនជាមនុស្សនោះទេ ហើយសម្តេច មិនបានហាមអាកាសចរណ៍ណាមួយ មិនឲ្យដឹកទណ្ឌិត សម រង្ស៊ី ចូលស្រុកនោះទេ។ សម្តេចតេជោ សម្តែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលហ៊ានយកសេរីភាពលោក កឹម សុខា ដៃគូនយោបាយរបស់ខ្លួន មកធ្វើជាល្បែងភ្នាល់ ជាមួយសម្តេច។ ការភ្នាល់នេះ ជារឿងអគុណធម៌ តែសម្តេច ត្រូវតែភ្នាល់តាមការស្នើ របស់ទណ្ឌិត សម រង្ស៊ី។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ “ខ្ញុំក៏បានត្រៀមខ្លួនរួចស្រេចហើយដែរ សម្រាប់អ្នកដែលបានត្រៀមខ្លួនចូលស្រុក ខ្ញុំក៏បានត្រៀមខ្នោះ និងគុករួចហើយដែរ។ សូមអញ្ជើញអ្នកក្លាហានមកកាន់ទឹកដីកម្ពុជា មុនក៏បានក្រោយក៏បានបន្ទាប់ពីឱសានវាទនៃការភ្នាល់គ្នា គឺក្រោយថ្ងៃ១ ខែមីនា។ សូមអញ្ជើញ បើមិនមក អ្នកឯងមិនមែនជាមនុស្សទេ គឺជាសត្វតិរច្ឆាន។ អញ្ជើញមក ព្រៃសចាំ ឬ ត្រពាំងផ្លុង ឬព្រះវិហារ ឬឧត្តរមានជ័យ ឬកន្លែងណា Everywhere សូមអញ្ជើញអ្នកក្លាហានចូលស្រុក ដើម្បីទទួលទោសដែលអ្នកមានរួចទៅហើយ មិនចាំបាច់រត់ចោលស្រុកហើយ ប្រកាសផ្តល់ក្តីសង្ឃឹមថា នឹងចូលស្រុក”។

សម្តេចបានបញ្ជាក់ថា “ខ្ញុំបានប្រាប់អាកាសចរណ៍ កុំឱ្យហាមឃាត់អាកាសចរណ៍ទាំងអស់ដឹកអាជនហ្នឹង គឺឱ្យគេដឹងមក ខ្ញុំក៏ចង់ជម្រះបញ្ជីជាមួយអាជននេះឱ្យបានច្បាស់។ ខ្ញុំបានប្រាប់អាកាសចរណ៍ស៊ីវិល កុំហាមឃាត់ក្នុងការដឹកអាចង្រៃនេះចូលស្រុក ព្រោះយើងត្រូវដាក់ខ្នោះវា ព្រោះយើងតាមចាប់វាយូរហើយចាប់មិនបាន ឥឡូវវាចូលឱ្យចាប់ហើយ វាមិនស្រួល។ សូមអញ្ជើញមក ខ្ញុំក៏បានត្រៀមខ្លួនហើយដែរ ប៉ុន្តែបើសិនអ្នកឯងមិនមក ថ្ងៃទី១ ខែមីនា ដែលជាឱសានវាទ នៃការភ្នាល់ គឺអ្នកឯងជាសត្វឆ្កែសុទ្ធ ខ្ញុំហៅអ្នកឯងជាឆ្កែ គ្រាន់តែព្រុះ បើពូកែណាស់ ! ពេលណាក៏រត់ដែរឱ្យតែមានរឿងគឺរត់ មិនថារឿងតូច ឬរឿងធំ គឺដឹងតែរត់ រួចហើយតាំងប្រកាសមកហើយ”។

សម្តេចបានថ្លែងយ៉ាងដូច្នេះទៀតថា៖ “លើកមុន ខ្ញុំលើកលែងទោសឱ្យអ្នកឯង ចំថ្ងៃឪពុកខ្ញុំទទួលមរណភាព តែលើកនេះ ខ្ញុំមិនបានលើកលែងទោសអ្នកឯងទេ ខ្ញុំបញ្ជាឱ្យដាក់ខ្នោះអ្នកឯង ព្រោះរដ្ឋបាលត្រូវអនុវត្តសាលដីកាតុលាការ នរណាចង់ថាអីថាចុះ ល្អដែរសូមអញ្ជើញមកជាប់គុក ហើយចូលឆ្នាំខ្មែរសូមមកចូលឆ្នាំនៅក្នុងគុក ប្រហែលជាក្លាយជាវីរៈបុរស ប៉ុន្តែតាមការយល់ដឹងនៃមនុស្សជាច្រើន គឺថាមនុស្សនេះជាមនុស្សកំសាក។ ខ្ញុំនិយាយបែបនេះ គឺខ្ញុំចង់រុញដើម្បីឱ្យអ្នកឯងចូលមក”។

សម្តេចបានបន្តទៀតថា៖ “នៅសុខមិនសុខ ទៅយកសេរីភាពរបស់អ្នកដទៃមកភ្នាល់ បើខ្ញុំមិនភ្នាល់ទេ គឺគេថាខ្ញុំនឹងកំសាក អន់ ប៉ុន្តែគេចាប់ចំណុចខុសបំផុត ពេលដែលខ្ញុំប្រកាសភ្នាល់គេថា យើងសម្រេចជំនួសតុលាការ ប៉ុន្តែសូមស្តាប់សម្តីរបស់ខ្ញុំឡើងវិញ ខ្ញុំថា បើមិនទាន់កាត់ទោសផង តើមានទោសមកពីណានឹងត្រូវលើកលែង ទោះបីជាសេះដុះស្នែង ក៏រឿងនេះមិនអាចកើតឡើងដែរ”។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២៥ខែធ្នូ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ ។ ព្រឹទ្ធសភា ក៏បានឱ្យយោបល់ឯកភាពទាំងស្រុង។
បើតាមសេចក្តីប្រកាសលទ្ធផលព្រឹទ្ធសភា បានបញ្ជាក់ថា ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ ។ សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងដើម្បីធានាភាពច្បាស់លាស់អំពីបុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ស្របតាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់ស្តីពីគណបក្សនយោបាយ ចាំបាច់ត្រូវធ្វើវិសោធនកម្មបន្ថែម ដោយត្រូវថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នូវព្រះរាជតួនាទី ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ក្នុងការផ្តល់និតីសម្បទាឡើងវិញ ចំពោះអ្នកនយោបាយដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយតាមអំណាចសាលដីកា ហើយដែលអ្នកនយោបាយទាំងនោះ មិនបានធ្វើសកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមិនធ្វើឲ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ និងសន្តិសុខជាតិ។ សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមលើកដំបូងចំនួន១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦។
លោកបណ្ឌិតរដ្ឋ ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ហត្ថលេខី និងសហការី បានអញ្ជើញមកការពារសេចក្តីស្នើច្បាប់នេះ ៕

អត្ថបទដែលជាប់ទាក់ទង