ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សាកលកម្ពុជា៣រូប ទៅចូលរួមប្រកួតដណ្ដើម ពានរង្វាន់ស្ដេចថៃ

173

​ភ្នំពេញ:ថ្ងៃទី២៧មិថុនានេះ អ្នកប្រដាល់សាកលកម្ពុជាចំនួន៣រូប នឹងចេញដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមប្រកួតដណ្ដើម ពានរង្វាន់ស្ដេចថៃ(King-Cup) ។

​លោកវ៉ែន សុផលដែលជាគ្រូបង្វឹកជម្រើសជាតិ បាននិយាយឲ្យដឹងថា ការប្រកួតនេះតាមដែលលោកធ្លាប់ដឹកនាំទៅចូលរួមកន្លងមកនោះ គឺមានប្រទេសមិនតិចជាង២០ទេ ដែលមកពីគ្រប់ទ្វីបទាំងអស់មកចូលរួម ។ កីឡាករកម្ពុជា ៣រូបដែលទៅចូលរួមប្រកួតនោះ មានឡន សៀមុំ ជាកីឡាករជម្រើសជាតិ មកពីក្លិបមេសរថ្ងក ខេត្តស្វាយរៀង គេប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ណាត សៀកនិន ហៅពេជ្រ ម្ទេសខ្មាំង ជាកីឡាករជម្រើសជាតិមកពី ក្លិបអារុណរះកីឡា គេប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម និង កីឡាករស៊ឹម វិសិដ្ឋ មកពីក្លិបតាឡីដំរីមានរិទ្ធ ដែលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

​លោកវ៉ែន សុផល បានឲ្យដឹងទៀតថា ការប្រកួតនឹង ចាប់ផ្ដើមពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៦កក្កដាទើបបញ្ចប់។

ថ្ងៃទី២៧មិថុនា ចេញដំណើរថ្ងៃទី២៨ ប្រជុំបច្ចេកទេស និងថ្ងៃទី២៩មិថុនា ថ្លឹងទម្ងន់ ហើយថ្ងៃទី៣០ ចាប់ផ្ដើមប្រកួត ។ ការប្រកួតនេះបើនរណាឡើងដល់ វគ្គ១៦នាក់ចុងក្រោយ មួយប្រកួតបានរង្វាន់១០០ដុល្លារ មកដល់វគ្គ៨នាក់ចុងក្រោយ មួយប្រកួតបាន២០០ដុល្លារ វគ្គ៤នាក់ចុងក្រោយមួយប្រកួត ៣០០ដុល្លារ និងវគ្គផ្ដាច់ព្រ័ត្របាន៥០០ដុល្លារ។

ក្នុងព្រឹត្តិការណ៍នេះ បើប្រទេសណាដណ្ដើមបានមេដាយ ឈរនៅលំដាប់លេខ ១បានរង្វាន់១០.០០០ដុល្លារ លេខ២បាន៧.៥០០ដុល្លារ និងលេខ៣បាន៥.០០០ដុល្លារ ។

​គ្រូបង្វឹករូបនេះបានអះអាងថា កន្លងមកលោកធ្លាប់ដឹកនាំកីឡាករ ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយដណ្ដើមបានមេដាយដែរ តែពុំធ្លាប់បានជាប់ចំណាត់ថ្នាក់ ជាក្រុមឡើយ ៕

អត្ថបទដែលជាប់ទាក់ទង