មន្ទីរសម្រាក និងព្យាបាល ឡាំ ប៊ុនថន ធ្វើឲ្យស្ត្រីពោះធំម្នាក់ ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃម្នាក់
ភ្នំពេញ៖ ស្ត្រីពោះធំម្នាក់ បានឈឺពោះ បានទៅមន្ទីរសម្រាក និងព្យាបាលឡាំប៊ុនថន ដើម្បីសម្រាលបុត្រ តាំងពីព្រឹកព្រលឹម រហូតដល់ថ្ងៃត្រង់ បានស្លាប់ទាំងម្តាយនិងកូននៅក្នុងផ្ទៃ ក្រោយពេលដែលមន្ទីរសម្រាក និងព្យាបាលឡាំប៊ុនថន ទុកឲ្យជនរងគ្រោះរហូតដល់សន្លប់បាត់ស្មារតី ទៅដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែជនរងគ្រោះបានស្លាប់ទៅហើយ។ ករណីនេះ ក្រុមគ្រួសារជនរងគ្រោះ បានចោទប្រកាន់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យនេះ ធ្វើការធ្វេសប្រហែស ទុកបណ្តោយឲ្យជនរងគ្រោះអស់កម្លាំង បាត់បង់ស្មារតី សង្គ្រោះលែងបាន ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីបន្តសង្គ្រោះ តែអ្វីៗហួសពេល គឺស្លាប់ទាំងម្តាយ និងកូនក្នុងផ្ទៃ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅទីតាំងគ្លីនីកតែម្តង តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ យ៉េម មករា អាយុ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីរងគ្រោះ បានឈឺពោះសម្រាលកូន នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បានទៅដល់ មន្ទីរសម្រាក និងព្យាបាលឡាំប៊ុនថន នៅម៉ោង៧ព្រឹក ហើយពេលមកដល់គ្លីនិក បានចរចាជាមួយខាងគ្លីនិក តម្លៃ៦២០ដុល្លារ ដើម្បីវះកាត់យកកូនចេញ ដោយមិនសម្រាប់តាមធម្មជាតិនោះទេ។ នៅវេលាម៉ោង៨ព្រឹក ខាងគ្លីនីក ដែលបានសម្របសម្រួលវះកាត់រួចហើយ បែរជាមិនបានវះកាត់វិញ ដោយទុកជនរងគ្រោះដេកស្រែកឈឺពោះ រហូតដល់ម៉ោង១១ព្រឹក ជនរងគ្រោះបានអស់កម្លាំង និងសន្លប់ ហើយខាងគ្លីនីកថា ជនរងគ្រោះមានអការធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត មកដល់មន្ទីរពេទ្យខ្មែរ-សូវៀត ស្រាប់តែពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ គឺទាំងម្តាយ និងកូន ដែលមិនដឹងដាច់ខ្យល់តាំងពីពេលណាទេ។
ពាក់ព័ន្ធករណីនេះ គ្លីនិច ឡាំ ប៊ុនថន បានបញ្ជាក់ថា ការស្លាប់របស់ស្ត្រីរងគ្រោះ គឺដោយសារមានជំងឺម្យ៉ាង ដែលកើតឡើងភ្លាមៗ ហើយមានអការធ្ងន់តែម្តង ៕