ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ដ្រីសុខាភិបាល ចាត់ឲ្យមន្រ្តីចុះទៅស្រាវជ្រាវករណីស្លាប់ទាំងម្ដាយ និងកូនក្នុងផ្ទៃ ពេលទៅសម្រាលកូន នៅគ្លីនិក «ឡាំ ប៊ុនថន»

95


ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចាត់ឲ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង ចុះទៅស្រាវជ្រាវភ្លាមៗលើករណីស្លាប់ទាំងម្ដាយ និងកូនក្នុងផ្ទៃ ខណៈគាត់ឈឺពោះ ទៅសម្រាលកូននៅ «មន្ទីរសម្រាក​ និងព្យាបាល ឡាំ ប៊ុនថន» ដោយសាររង់ចាំគ្រូពេទ្យយូរពេក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅទីតាំងគ្លីនីកតែម្តង តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រដ្ឋមន្ដ្រី បានអះអាងថា៖ក្រោយពេលក្រសួង បានទទួលព័ត៌មាននេះរួចហើយ លោកបានចាត់ឲ្យ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះទៅស្រាវជ្រាវករណីនេះភ្លាមៗ ។ ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏សូមចូលរួមរំលែកមរណៈទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពផងដែរ ។
ករណីខាងលើកនេះ ស្ត្រីរងគ្រោះឈ្មោះ យ៉េម មករា អាយុ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះ បានឈឺពោះសម្រាលកូន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក៏សម្រចដឹកទៅគ្លីនីក ឡាំ ប៊ុនថន ដែលមកដល់នៅម៉ោង៧៖០០នាទីព្រឹក ហើយពេលមកដល់គ្លីនីក បានចរចាជាមួយខាងគ្លីនីក តម្លៃ៦២០ដុល្លារ។ នៅវេលាម៉ោង៨៖០០នាទីព្រឹក ខាងគ្លីនីកដែលបានសម្របសម្រួល ខាងវះកាត់រួចហើយនោះ បែរមិនបានវះកាត់វិញ។

យោងតាមបងស្រីជីទូតរបស់ស្ដ្រីរងគ្រោះខាងលើបានឲ្យដឹងថា រហូតដល់ម៉ោង១១៖០០នាទីព្រឹក ជនរងគ្រោះបានសន្លប់ ហើយខាងគ្លីនីកថា មានអាការៈធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត។ មកដល់មន្ទីរពេទ្យខ្មែរ-សូវៀត ស្រាប់តែពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ គឺទាំងម្តាយ និងកូន ដែលមិនដឹងថា ដាច់ខ្យល់តាំងពីពេលណាទេ។

ពាក់ព័ន្ធករណីនេះ ខាងគ្លីនីក ឡាំ ប៊ុនថន បានបញ្ជាក់ការស្លាប់របស់ស្ត្រីរងគ្រោះ មានជំងឺម្យ៉ាង ដែលកើតឡើងភ្លាមៗ ហើយមានអាការៈធ្ងន់ធ្ងរតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង