ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាទទួលបានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស រហូតដល់ទទួល បានកំណើនសេដ្ឋកិច្ច ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

126


ភ្នំពេញ៖ សម្តេចតេជោបានបន្តថា តាមរយៈយុទ្ធសាស្រ្តនេះ បានធ្វើសមាហរណកម្មប្រទេសទាំងមូលតែម្ដង មិនត្រឹមតែកងទ័ពទេ គឺសមាហរណកម្មទាំងផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ក៏ដូចជាមណ្ឌលសុខភាពផងដែរ ទាំងនេះគឺជាកត្តាជំរុញ ឲ្យកម្ពុជាយើងទទួលបាននូវការអភិវឌ្ឍ យ៉ាងឆាប់រហ័សរហូតដល់ទទួល បានកំណើនសេដ្ឋកិច្ច ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ។

នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Antonio Lopez Isturiz លេខាធិការប្រតិបត្តិនៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិ។

លោក Antonio Lopez Isturiz បានគោរពជម្រាបជូនសម្ដេចតេជោ នូវចំណាប់អារម្មណ៍របស់លោក ដែលក្នុងនោះ លោកបានសូមគោរពវាយតម្លៃខ្ពស់ ជូនដល់សម្តេចតេជោ ចំពោះវីរភាព និងការដឹកនាំបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ នៅកម្ពុជាដែលជារឿងដ៏អស្ចារ្យមួយ និងបានអបអរសាទរចំពោះដំណើរការ ការរៀបចំឲ្យសេដ្ឋកិច្ចកម្ពុជា ក្លាយទៅជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ច 7,3 ភាគរយ។ លើសពីនេះទៅទៀត លោកក៏បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថាលោកពិតជាមានកិត្តិយសណាស់ ដែលបានមកចូលរួមនូវកម្មវិធីជាប្រវត្តិសាស្ត្រនៅថ្ងៃស្អែកនេះ ។

ការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីស្ថានភាពជាទូទៅនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់តែមានការបែកបាក់គ្នាអស់រយៈពេលជាង 500 ឆ្នាំរហូតដល់ការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះនេះ។ នៅក្នុងយុទ្ធសាស្រ្តឈ្នះឈ្នះនោះ ធ្វើអោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព និងបង្រួបបង្រួមជាតិ។ សម្តេចតេជោ ក៏បានជម្រាបជូនលោក
Antonio Lopez Isturiz ផងដែរ នូវការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះរបស់សម្ដេចផ្ទាល់តែម្ដងកាលពីឆ្នាំ 1998 គឺថ្ងៃទី 29 ខែធ្នូ ហើយការទទួលនោះ គឺដើម្បីផ្ញើសារចេញទៅជូនដល់ប្រជាជនកម្ពុជាផង ទៅកងទ័ពខ្មែរក្រហម ដែលនៅសេសសល់នៅពេលនោះផង និងទៅសហគមន៍អន្តរជាតិផង ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ព ដែលនៅសេសសល់ ព្រមចុះចូលជាមួយនឹងរាជរដ្ឋាភិបាល ព្រោះថាមេដឹកនាំរបស់ចលនាខ្មែរក្រហម នៅពេលនោះបានមកចុះចូល ជាមួយរាជរដ្ឋាភិបាលហើយ។ ហើយពេលនោះហើយ ប្រជាជនកម្ពុជានៅទូទាំងប្រទេស បានដឹងថាសុខសន្តិភាព ស្ថិរភាពនៅកម្ពុជាគឺបានទទួលហើយ ហើយចាប់ពីពេលនោះមកធ្វើឲ្យសហគមន៍អន្តរជាតិ មកដាក់ទុនវិនិយោគនៅកម្ពុជា និងធ្វើទេសចរនៅកម្ពុជាមកកម្ពុជាជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង