ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់សមត្ថកិច្ច ៥នាក់ បើករថយន្ត ដេញចាប់រថយន្តដឹកឈើ ទៅផ្ទះនិងបង្កឲ្យស្លាប់ម្នាក់ របួស៣នាក់ នៅស្រុកកែវសីមា

85

មណ្ឌលគិរី ៖ កម្លាំងនគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចាប់ខ្លួនសមត្ថកិច្ចចំនួន ៥រូប ក្រោយហេតុការណ៍ បើករថយន្តប្រដេញចាប់ រថយន្តដឹកឈើ បង្កអោយមានគ្រោះថ្នាក់ចរាចរ រថយន្តដឹកឈើបុកផ្ទះប្រជាពលរដ្ឋស្លាប់មនុស្ស និងរបួសធ្ងន់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

លោកឧត្តមសេនីយត្រី សូ សុវណ្ណ ស្នងការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលដឹកនាំការចាប់ខ្លួនសមត្ថកិច្ចចំនួន ៥រូប បានឲ្៦ដឹងថា សមត្ថកិច្ចដែលបានចាប់ខ្លួន ក្នុងសកម្មភាពប្រដេញឡានដឹកឈើ នៅថ្ងៃម្សិលម៉ិញនេះ រួមមាន លោកវរសេនីយទោ យូ រ៉ាវុធ ជាឌឺបេជើងគោក ប្រចាំទិសខេត្តមណ្ឌលគិរី លោកអនុសេនីយឯក វ៉ាន់ រួន ជានគរបាលសេដ្ឋកិច្ចក្រសួង លោកវរសេនីយត្រី ប៉ង់ កានួត ជានាយទាហានសឹករង ខេត្តមណ្ឌលគិរី លោក ស៊្រុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើកែវសីមា និង លោកអនុសេនីយឯក សៀង ចំរុង នាយផ្នែកអត្តសញ្ញាណប័ណ្ណ ស្រុកកែវសីមា ។
បច្ចុប្បន្ន សមត្ថកិច្ចទាំង៥រួប កំពុងត្រូវបានសាកសួរ និងអនុវត្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

គួររំលឹកថា នៅព្រលឹមថ្ងៃទី២៧ធ្នូ មនុស្សម្នាក់បានស្លាប់ និង ៣នាក់ បានរងរបួសធ្ងន់ និង ផ្ទះមួយខ្នង បានបាក់រាបដល់ដី ដោយសាររថយន្តចំនួន២ គ្រឿង ដឹកឈើ បើករត់គេចពីក្បួនរថយន្តសមត្ថកិច្ចជជុះស្រុកកែវសីមា ចំនួន៥គ្រឿង ប្រដេញតាមពីក្រោយ នៅចំណុចគីឡូម៉ែត្រ១៣៦ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ចទាំងនេះ គឺជាក្រុមកុងត្រូលជជុះ ដែលតែងតែធ្វើសកម្មភាពដេញ តាមរថយន្តដឹកឈើយ៉ាងអាណាធិបតេយ្យ នាពេលកន្លងមក បង្កអោយមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវក្នុងស្រុកកែវសីមា ៕

អត្ថបទដែលជាប់ទាក់ទង