អ្នកខ្លាំងទី៧ និង ទិ៨ នឹងរកឃើញនៅចុងសប្ដាហ៍នេះ
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់យប់ថ្ងៃទី៣០មិថុនានេះ ក៏មានការប្រកួតចំនួន២គូដែរ ដើម្បីរកអ្នកខ្លាំងចំនួន២រូបទៀត ទៅប្រកួតជម្រុះជុំទី២ ។
អ្នកប្រដាល់ឈាន រស្មីក្លិបខេត្តរតនគីរី ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡា ។ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នា ហើយក៏គ្មានឈ្មោះបោះសម្លេង ដូចគ្នាដែរ ។សម្រាប់ការប្រកួតនេះ ពួកគេនឹងមាន
ឱកាសដើម្បីឈ្នះដូចគ្នា តែមិនដឹងថានរណា ជួបសំណាងល្អឡើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ វៀត ប៊ុនឌឿន សមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយអ្នកប្រដាលលី តឿនក្លិបម្កុដរាជសីហ៍ ។ សម្រាប់អ្នកលេងភ្នាល់លុយ គេប្រាកដជាមានជំនឿចិត្ត លើប៊ុនឌឿនជាង ហើយតែមួយរយៈនេះ ប៊ុនឌឿនគេលំបាកទុកចិត្តណាស់ ដោយសារតែគេមិនសូវហ្វឹកហាត់ តែបើគេហាត់បានល្អនោះ លី តឿនមិនមែនជាដៃគូរបស់គេឡើយ ព្រោះប៊ុនឌឿនមានផ្លែវ៉ៃល្អណាស់ ។
ជំនួបរវាងអ្នកអ្នកប្រដាល់ទាំង២រូបនេះ មិនដឹងថាវៀត ប៊ុនឌឿន ខ្ទាតចេញចេញពីការប្រកួត ឬ លី តឿនជាអ្នកខ្ទាតចេញ ពីការប្រកួតនោះឡើយ ។
សូមបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកប្រដាល់៦រូបហើយ ដែលបានកក់កៅអី សម្រាប់ប្រកួតជម្រុះជុំទី២ ហើយក៏មានអ្នកប្រដាល់ចំនួន៦រូបដែរ ដែលបានខ្ទាតចេញពីការប្រកួតនេះ ។ចំពោះការប្រកួតជាមិត្តភាព ជាមួយអ្នកប្រដាល់ថៃវិញនោះធន ចាន់តាក់ ក្លិបកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយអ្នកប្រដាល់ថៃពេជ្រ ខាន់ថង(Pich Khanthong) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះ ទើបតែមកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះទេ តែកំណត់ត្រាប្រកួតរបស់គេបង្ហាញថា គេមិនខ្សោយឡើយ ។ពេជ្រ ខាន់ថង ធ្លាប់ប្រកួតបាន៩៦ដង ឈ្នះ៨០ដង ចាញ់១១ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។ ចំពោះអ្នកប្រដាល់កម្ពុជាធន ចាន់តាក់វិញ មានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៤ដង ចាញ់១១ដងស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន២០ដង ។ជំនួបរវាងអ្នកប្រដាល់ធន ចាន់តាក់ជាមួយពេជ្រ ខាន់ថងនរណាជាអ្នកឈ្នះ ?៕