ឃុំខ្លួនសមត្ថកិច្ចចម្រុះចំនួន៤នាក់ បើករថយន្តប្រដេញឡានដឹកឈើ បង្កឲ្យមានមនុស្សស្លាប់និងរបួស នៅស្រុកកែវសីមា
មណ្ឌលគិរី៖ សមត្ថកិច្ចចម្រុះចំនួន៤នាក់ ដែលមានមុខងារជា យោធា នគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើ បានប្រព្រឹត្តអំពើល្មើសច្បាប់ បង្កឲ្យមានមនុស្សស្លាប់និងរបួស ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរី នាំខ្លួនមកបើកសវនាការជំនុះជម្រះ ហើយម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ រហូតមានសេចក្តីសម្រេចផ្សេងពីនេះ។
ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត ទទួលផែនយុត្តិធម៌ បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរស្ដាប់ចម្លើយរួចរាល់ បញ្ចប់នីតិវីធី នៅស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចំណាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យដែលឃាត់ខ្លួន បានជាក់ស្ដែង៤នាក់នោះ ទី១.លោក យូ រ៉ាវុធ ភេទប្រុស អាយុ៥១ឆ្នាំ ជាយោធា ២.លោក វ៉ាន់ រួន ភេទប្រុស អាយុ៥៤ឆ្នាំ ជានគរបាល ៣.លោក ស្រ៊ុន ឈួន ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីរដ្ឋបាលព្រៃឈើ និង៤.លោក សៀង ចំរ៉ុង ភេទប្រុស អាយុ៣៥ ឆ្នាំ ជាមន្ត្រីនគរបាល។ ក្រោយពីតំណាងអយ្យការនសាលាដំបូង បានធ្វើការសាកសួររួចមក ត្រូវបានតំណាងអយ្យការ សម្រេចចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្នជនសង្ស័យទាំង៤នាក់ បញ្ជូនទៅពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។
លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានណែកនាំឲ្យ កម្លាំងនៃស្នងការ បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកែវសីមា បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដើម្បីធ្វើការសាកសួរបំភ្លឺ ជុំវិញករណីដេញរថយន្តដឹកឈើមួយគ្រឿង បង្កឲ្យមានគ្រោះថ្នាក់ចរាចរ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋដួលរាបដល់ដី បណ្ដាលឲ្យស្លាប់ស្រ្តីខ្មែរអ៊ីស្លាមម្នាក់ និងរងរបួសស្រាលធ្ងន់៣នាក់ នៅចំណុចគីឡូម៉ែត្រ១៣៦ ក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងជិត៧យប់។
សូមបញ្ជាក់ថា នៅវេលាម៉ោង២២ និង៣០ នាទី កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងកងរាជអាវុធហត្ថស្រុកកែវសីមា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលបានបើករថយន្តប្រដេញ និងកៀររថយន្តសាំយ៉ុងដឹកឈើ បណ្តាលឲ្យជ្រុលចង្កូតចូលទៅបុកផ្ទះ និងបុកមនុស្សស្លាប់១នាក់ រងរបួស៣នាក់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី នៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទម ស្រុកកែវសីមា ។
ជនសង្ស័យទាំង៤នាក់ មានឈ្មោះ ៖ ១.យូ រ៉ាវុធ ភេទប្រុស អាយុ៥១ឆ្នាំ បុខរបរយោធា, ២.វ៉ាន់ រួន ភេទប្រុសអាយុ៥៤ឆ្នាំ, ៣.ស្រ៊ុន ឈួន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាលព្រៃឈើ និង៤.សៀង ចំរ៉ុង ភេទប្រុស អាយុ៣៥ ឆ្នាំ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ។
ដោយឡែក ជនសង្ស័យជនសង្ស័យចំនួន៣នាក់ទៀត ដែលរត់គេចខ្លួនរួមមាន ៖ ១.សៅ សំណាង ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាអ្នបើកឡានប្រដេញ និងកៀររថយន្តបណ្តាលអោយជ្រុលចូលទៅបុកផ្ទះនិងបុកមនុស្សស្លាប់ កំពុងរត់គេចខ្លួន, ២.សៅ រ៉ានី ភេទប្រុស មុខរបរអ្នកសារព័ត៌មាន កំពុងរត់គេចខ្លួន និង៣.ប៉ុង កានួត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរយោធា កំពុងរត់គេចខ្លួន ។ ចំពោះជនសង្ស័យដែលរត់គេចខ្លួនទាំង៣នាក់នេះ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕