នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨កាំជ្រួច ប្រមាណ៩ម៉ឺនគ្រាប់ ត្រូវបានបាញ់រំលេច សម្រស់លើវេហារ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Facebook នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្ត នៅវិមានឈ្នះ-ឈ្នះ ដោយបានទុកដាក់សំរាម បានត្រឹមត្រូវ មិនបោះចោល ពាសវាលពាសកាល ធ្វើឲ្យការសម្អាតសំរាម មានរយៈពេលខ្លី។
រដ្ឋបាលរាជធានីភ្នំពេញ «សូមថ្លែងអំណរគុណ និងសូមកោតសរសើរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកដាក់សំរាម ក្នុងធុងសំរាមបានល្អប្រសើរ មិនបោះសំរាមពាសវាលពាសកាល ធ្វើឱ្យការសម្អាតលើសួនច្បារវិមាន ប្រើរយៈពេលខ្លី និងមានសោភ័ណភាពល្អស្រស់បំព្រង»។
វិមានឈ្នះ-ឈ្នះ ដែលតំណាងឱ្យការរួបរួម បញ្ចប់សង្រ្គាមជាស្ថាពរ នៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ វិមានឈ្នះ-ឈ្នះ មានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្បែរសួនសត្វសាហ្វារី និងទល់មុខពហុកីឡដ្ឋានមរតកតេជោ។
ពិធីសម្ពោធវិមានឈ្ន-ឈ្នះ ដែលបានធ្វើយ៉ាងឱឡារឹកបំផុត ក៏មានការចូលរួមដោយថ្នាក់ដឹកនាំជាតិ មន្រ្តីរាជការក្រសួងស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស-និស្សិត ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងតំណាងអង្គទូតនានាផងដែរ។ ជាពិសេស ការអញ្ជើញជាភ្ញៀវកិត្តិយសដោយ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសថៃ ឡាវ វៀតណាម និងអគ្គនាយក អគ្គនាយកដ្ឋាន សហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋ ប្រជាមានិតចិនថែមទៀត។
ថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ ក៏ជាថ្ងៃរំលឹកខួបអនុស្សារីយ៍២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែនផងដែរ។ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍នេះ វិមានឈ្នះ-ឈ្នះ ត្រូវបានរៀបចំកម្មពិធី ដ៏ពិសេសបំផុត និងមានការបាញ់កាំជ្រួច រយៈពេល៣យប់ឯណោះ ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីឲ្យប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសឆ្លងឆ្នាំថ្មីតែម្តង។
នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ថ្ងៃទី២៩ធ្នូនេះ កាំជ្រួចប្រមាណ៩ម៉ឺនគ្រាប់ ត្រូវបានបាញ់រំលេច សម្រស់លើវេហារ។ ការបាញ់កាំជ្រួចនេះ មានភាពអស្ចារ្យ ដោយមានរយៈពេលវែង និងមានរំលេចចេញជារូបផ្សេងៗ ដូចជាបេះដូងជាដើម។
សម្រស់ភ្លើងកាំជ្រួចដ៏ស្រស់ស្អាត និងមានភាពអស្ចារ្យ មិនធ្លាប់មាននៅកម្ពុជានោះ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តដ៏ច្រើនកុះករ។ ក្រៅពីការបាញ់កាំជ្រួច ក៏មានការប្រគំតន្ត្រី និងផ្ទាំងទស្សនីយភាពសិល្បៈមួយចំនួនទៀតផងដែរ។
ក្រោយទទួលបាន ការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យរដ្ឋបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើការងារ ទទួលផ្ញើយានជំនិះគ្រប់ប្រភេទ គឺមិនត្រូវយកថវិកាពីប្រជាពលរដ្ឋ ដែលទៅកម្សាន្ត និងឆ្លងឆ្នាំសាកល ព្រមទាំងទស្សនាវិមានឈ្នះ-ឈ្នះ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះនោះទេ៕