ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំថ្មីនេះ ចាប់ផ្តើមពីការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ

145


ភ្នំពេញ៖ ក្នុងឱកាសឆ្លងឆ្នាំចាស់ ២០១៨ ឈានចូលឆ្នាំថ្មី ២០១៩នេះ លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា សូមឲ្យឆ្នាំថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ ឲ្យអស់ នូវជំងឺដែលកំពុងរាតត្បាតក្នុងសង្គមខ្មែរ ដោយចាប់ផ្តើមពីការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។

ក្នុងផេកហ្វេសប៊ុក នៅថ្ងៃទី៣១ធ្នូឆ្នាំ២០១៨ លោកកឹម សុខា ដែលកំពុងជាប់ឃុំខ្លួននៅក្នុងគេហដ្ឋានរបស់លោក បានសរសេរនូវសារនយោបាយមួយថា “សារជូនពរឆ្នាំថ្មី ឆ្នាំសកល ២០១៩។ ក្នុងឱកាសឆ្លងឆ្នាំចាស់ ២០១៨ ឈានចូលឆ្នាំថ្មី ២០១៩នេះ ខ្ញុំសូមជូនពរដល់ប្រជាពលដ្ឋ ជុំវិញពិភពលោក ឲ្យជួបប្រទះនូវសេចក្តីសុខ និង សុភមង្គល គ្រប់ៗគ្នា។ ខ្ញុំសូមជូនពរ ជាពិសេសដល់ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ឲ្យទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាពតាមគោលការណ៍ប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការផ្សះផ្សាជាតិ ពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។ សូមឲ្យឆ្នាំថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ ឲ្យអស់នូវជំងឺពីរយ៉ាង ដែលកំពុងរាតត្បាតក្នុងសង្គមខ្មែរ៖ ទី១គឺ ការគាបសង្កត់ជិះជាន់ គម្រាមកំហែង ជាពិសេសដោយអំពើហិង្សា និងទី២គឺ ការស្អប់ឈ្នានីស ជាពិសេសតាមរូបភាពលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ។ សូមឲ្យទំព័រប្រវត្តិសាស្ត្រថ្មីនេះ ចាប់ផ្តើមពីមេដឹកនាំគ្រប់និន្នាការ ដើម្បីជាគំរូ ដោយបញ្ឈប់ការធ្វើនយោបាយ តាមបែបអគុណធម៌ មិនថាតាមរយៈការគម្រាមកំហែង ឬការមួលបង្កាច់ ហើយវិលទៅរកទសពិធរាជធម៌វិញ ដើម្បីត្រួសត្រាយផ្លូវ ជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរជំនាន់ក្រោយ។
ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរឲ្យឆ្នាំថ្មី២០១៩នេះ នាំមកនូវសុភមង្គល ភាពរុងរឿង យុត្តិធម៌ ភាពស្ងប់សុខ និងសេរីភាពពេញលេញបរិបូរណ៍ ដល់ខ្មែរគ្រប់រូប”៕

អត្ថបទដែលជាប់ទាក់ទង