ពលរដ្ឋឃុំបឹងខ្យាង តវ៉ាបិទផ្លូវមុខសាលាឃុំ មិនព្រមទទួលយក ប្រាក់គោលនយោបាយរបស់អាជ្ញាធរខេត្តកណ្តាល ក្នុងជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុនហេង អភិវឌ្ឍន៍
កណ្តាល៖ ស្វាគមន៍ដើមឆ្នាំ២០១៩ ពលរដ្ឋឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាង៨០ភាគរយ ដែលមានវិវាទដីសហគមន៍ ដែលពួកគាត់បានអាស្រ័យផលអស់ច្រេីនជំនាន់មកហេីយ ផ្ទុះការតវ៉ាជាថ្មី មិនព្រមទទួលយកប្រាក់គោលនយោបាយ ដែលអាជ្ញាធរខេត្តកណ្តាលផ្តល់ជូន១០០ដុល្លារក្នុងម្នាក់ នៅតែរក្សាគោលជំហរការទាមទារក្នុងម្នាក់ចំនួន២៥០ដុល្លារ ។ ការតវ៉ានៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅមុខសាលាឃុំបឹងខ្យាង។
ការកេងប្រវ័ញ្ចក្នុងលក្ខណ:ជាប្រព័ន្ធ នៅតែបន្តពីសំណាក់ពួកនាយទុន និង អ្នកកាន់អំណាច។
តំណាងពលរដ្ឋថា អាជ្ញាធរខេត្តកណ្ដាល បង្ខំឲ្យពួកគេ ផ្ដិតមេដៃសន្យា ទទួលយកគោលនយោបាយ ប្ដូរដី និងឈប់តវ៉ា។
តំណាងពលរដ្ឋ មានជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុនហេង អភិវឌ្ឍន៍ របស់ អ្នកស្រី សៀង ចាន់ហេង នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ឲ្យដឹងថា ពួកគាត់ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល បង្ខំឲ្យផ្ដិតមេដៃ ទទួលស្គាល់ថា ពួកគេធ្វើសកម្មភាពញុះញង់ពលរដ្ឋប្រឆាំងគោលនយោបាយប្ដូរដីរបស់អាជ្ញាធរ។ សង្គមស៊ីវិលឃ្លាំមើលវិវាទដីធ្លី ករណីនេះ ហៅសកម្មភាពនេះ ជាការរំលោភសិទ្ធិជាមួលដ្ឋានរបស់ពលរដ្ឋ។
ក្រោយមានពលរដ្ឋរាប់ពាន់នាក់ ទៅតវ៉ានៅសាលាឃុំបឹងខ្យាង កាលពីថ្ងៃទី១ធ្នូ ជំទាស់នឹងគោលនយោបាយប្ដូរដីសហគមន៍ ជាថ្នូរនឹងម្នាក់ទទួល១០០ដុល្លារ អាជ្ញាធរខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៤ ធ្នូ បានកោះហៅតំណាងពលរដ្ឋ២នាក់ ទៅប្រជុំនៅសាលាខេត្តកណ្ដាល និងបានធ្វើកិច្ចសន្យា កំណត់ហេតុប្រជុំ គំរាមឲ្យតំណាងពលរដ្ឋទាំងពីរនាក់ ផ្ដិតមេដៃទទួលស្គាល់ ហើយទម្លាក់កំហុសថា តំណាងពលរដ្ឋ ជាអ្នកញុះញង់ឲ្យពលរដ្ឋឃុំបឹងខ្យាង ប្រឆាំងនឹងគោលនយោបាយប្ដូរដី ដែលអាជ្ញាធរកំណត់។
ជម្លោះដីធ្លីរវាងពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ របស់អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង បានកើតឡើងនៅអំឡុងឆ្នាំ២០០៨។ ដី មានជម្លោះ ជាប្រភេទដីសហគមន៍ ដែលពលរដ្ឋតែងនាំគ្នា អាស្រ័យផល តាមលក្ខណៈគ្រួសារ និងតជំនាន់ពីមួយជំនាន់ ទៅមួយជំនាន់ ហើយផ្ទៃដីមានជម្លោះ យ៉ាងហោចណាស់ មានទំហំជាង ៤០០ហិកតា ស្ថិតនៅក្នុងឃុំចំនួន៤ គឺ ឃុំអំពៅព្រៃ ឃុំបឹងខ្យាង ឃុំកណ្ដោក និងឃុំព្រែកស្លែង។ ច្រើនឆ្នាំមកនេះ ពលរដ្ឋអះអាងថា បានស្វែងរកកិច្ចអន្តរាគមន៍តាមស្ថាប័នរដ្ឋ ជាច្រើនស្ថាប័ន ទាមទារដីនោះ មករក្សាជាដីរដ្ឋដដែល ដើម្បីពលរដ្ឋអាចអាស្រ័យផល ប៉ុន្តែមិនមានដំណោះស្រាយទេ គឺមានតែអាជ្ញាធរជួយលូកដៃ ជ្រោមជ្រែងក្រុមហ៊ុន បង្ខំឲ្យពលរដ្ឋព្រមទទួលយកប្រាក់ក្នុងតម្លៃទាប តាមរយៈគោលនយោបាយអាជ្ញាធរ។
កាលពីថ្ងៃទី១២ ធ្នូ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានប្រជុំជាមួយក្រុមអ្នកតំណាងពលរដ្ឋទាំង៦ភូមិ ដើម្បីផ្ដល់ជូនគោលនយោបាយម្នាក់ ១០០ដុល្លារ ហើយពលរដ្ឋអាចទៅទទួលយកលុយនៅសាលាឃុំបឹងខ្យាង រយៈពេល១១ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី៣១ ធ្នូ។ ប៉ុន្តែកាលពីថ្ងៃទី ២០ ធ្នូ ក្រុមពលរដ្ឋរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅសាលាឃុំ ដើម្បីប្រឆាំងនឹងគោលនយោបាយនោះ ដោយពលរដ្ឋទាមទារម្នាក់ ២៥០ដុល្លារ ឲ្យបានប្រហាក់ប្រហែលនឹងពលរដ្ឋនៅឃុំព្រែកស្លែង។
ក្នុងកិច្ចសន្យា ដែលតំណាងពលរដ្ឋ អះអាងថា អាជ្ញាធរបង្ខំឲ្យផ្ដិតមេដៃ អាជ្ញាធរខេត្តកណ្ដាល បានបង្គាប់ឲ្យតំណាងពលរដ្ឋទាំងពីរនាក់ បញ្ឈប់សកម្មភាពប្រមូលផ្ដុំតវ៉ា រារាំង បង្កការលំបាក ឬ ញុះញង់ពលរដ្ឋ មិនឲ្យទៅទទួលយកគោលនយោបាយ១០០ដុល្លារ ក្នុងម្នាក់បន្តទៀត និងត្រូវបញ្ឈប់ការបញ្ចេញមតិតាមវីដេអូឃ្លីប ការបញ្ចេញមតិតាមបណ្ដាញសង្គម និងប្រព័ន្ធអេឡិចត្រូនិច។ តំណាងពលរដ្ឋ លោក សុន ខេមរា ក៏បានអះអាងថា អាជ្ញាធរ បានដាក់កំហិតថា ក្នុងករណី ពួកគេមិនអាចនាំក្រុមហ៊ុនណា ដែលហ៊ានផ្ដល់ជូនគោលនយោបាយ២៥០ដុល្លារ ទៅជួបអភិបាលខេត្តកណ្ដាលបាន តំណាងទាំងពីរនាក់ គឺ លោក សុន ខេមរា និង លោក អ៊ឹម តារា ត្រូវដឹកនាំពលរដ្ឋនៅឃុំបឹងខ្យាងទាំងអស់ទៅទទួលយកគោលនយោបាយ១០០ដុល្លារ តាមការកំណត់របស់គណៈកម្មការចំពោះកិច្ចនៃរដ្ឋបាលខេត្តកណ្ដាល។
តំណាងពលរដ្ឋ ថា ឃុំបឹងខ្យាង មានពលរដ្ឋចំនួន ១.៨៤៩ គ្រួសារ ស្មើនឹង៨.៣៩៥នាក់។ កំណត់ហេតុនៃកិច្ចប្រជុំរបស់សាលាខេត្តកណ្ដាល បង្ហាញថា រយៈពេល៥ ថ្ងៃដំបូង (២០ ដល់២៤ ធ្នូ) នៃការផ្ដល់គោលនយោបាយ១០០ដុល្លារ ក្នុងម្នាក់ មានតែពលរដ្ឋចំនួន ៤៤៨គ្រួសារ ស្មើនឹង១.៩១៣នាក់ ដែលបានទៅទទួលយកគោលនយោបាយនេះ ហើយនៅសល់ពលរដ្ឋជាច្រើនលើសលុប មិនទាន់ទៅទទួលយក។
លោក សុន ខេមរា ថា អ្នកដែលទៅទទួលយក គឺសុទ្ធសឹងតែជាក្រុមគ្រួសាររបស់អាជ្ញាធរភូមិ ឃុំ ប្រជាការពារភូមិ និង មន្ត្រីគណបក្សប្រជាជនកម្ពុជា។ លោក សុន ខេមរា អះអាងថា បច្ចុប្បន្នប្រជាការពារភូមិ មេភូមិ និងអាជ្ញាធរ ឃុំធ្វើការទាំងពេលយប់ ដើម្បីដើរបញ្ចុះបញ្ចូល ខ្សឹប គំរាម និងមកដឹកពលរដ្ឋ ទាំងយប់ ឲ្យទៅទទួលលុយគោលនយោបាយ ១០០ដុល្លារ នៅសាលាឃុំ។
តំណាងពលរដ្ឋនៅឃុំបឹងខ្យាង អះអាងថា ពួកគេមិនភ័យតក់ស្លុតទេ ចំពោះការគំរាម ឲ្យផ្ដិតមេដៃ និងបញ្ឈប់សកម្មភាពតវ៉ា នឹងគោលនយោបាយប្ដូរដីសហគមន៍។ តំណាងពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពនេះទៀត ហើយងាកមករកការចរចាគ្នា ដោយត្រឹមត្រូវ ព្រោះពលរដ្ឋចង់បានគោលនយោបាយតិចបំផុត ម្នាក់២៥០ដុល្លារ ឬ ទុកដីមានជម្លោះនោះ ឲ្យសហគមន៍អាស្រ័យផលបន្តទៀត។
ជាមួយនឹងបង្ខំ ឲ្យពលរដ្ឋ ទទួលយកគោលនយោបាយ១០០ដុល្លារ ទាំងពលរដ្ឋមិនពេញចិត្តទៀតនេះ ប្រជាពលរដ្ឋបានលើកការតវ៉ា ទ្រង់ទ្រាយធំនៅមុខសាលាឃុំបឹងខ្យាងប្រមាណ៥នាទី នៅព្រឹកនេះ ហើយក៏មានការសម្របស្រួលពីអាជ្ញាធរឃុំ ទើបពួកគាត់យល់រំសាយទៅផ្ទះ ហើយតំណាងចូលចរចាជាថ្មីម្តងទៀត៕