ការធ្វេសប្រហែស របស់មន្រ្តីក្នុងព្រលានយន្តហោះសៀមរាប ធ្វើបុរសម្នាក់ធ្លាក់ពី កង់យន្តហោះស្លាប់
សៀមរាប ៖ អ្នកលេងបណ្ដាញសង្គមកំពុងមានការភ្ញាក់ផ្អើល នឹងរឿងមិនគួរកើតមួយ ស្របពេលដែលសារព័ត៌មានក្នុងស្រុកជាច្រើន បានផ្សាយថាមានបុរសម្នាក់បានស្លាប់ ដោយធ្លាក់ពីលើកង់យន្តហោះ អំឡុងពេលដែលយន្តហោះបានហោះហើរឡើងចេញពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
តាមការបំភ្លឺពីសាក្សីបានអោយដឹងថា នៅវេលាម៉ោងប្រហែល១០និង២០នាទី ថ្ងៃទី៣១ ខែធ្នូ ពេលខ្លួនកំពុងធ្វើការក៏បានឃើញយន្តហោះដែលកំពុងតែហោះហើរ មានកម្ពស់ប្រហែល៣០ម៉ែត្រ ស្រាប់តែឃើញមានមនុស្សម្នាក់ធ្លាក់ពីកង់យន្តហោះ ដែលមានចំងាយពីខ្លួនប្រហែល២០០ម៉ែត្រ ហើយយន្តហោះនោះក៏ហោះហើរបាត់ទៅ។ តាមការពនិត្យរបស់ជំនាញបច្ចេកទេស សាកសពស្លាប់មានសភាព បាក់ដៃជើងរយៈភ្លៅ។ សាកសពមិនទាន់កំណត់អត្តសញ្ញាណបាននោះទេ សមត្ថកិច្ចកំពុងបន្តស្វែងរកសាច់ញាតិ ហើយសាកសព ត្រូវបានគេដឹកចេញភ្លាមៗ យកទៅតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លុះដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក រួមជាមួយនគរបាលជំនាញបច្ចេកទេស ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីអ្នកគ្រប់គ្រងព្រលានយន្តហោះ បានចុះធ្វើការពិនិត្យសាកសព និងបើកការស៊ើបអង្កេតទៅលើ៣ចំណុចស្វែងរកសម្ភាសន៍សាក្សី ពិនិត្យកន្លែងកើតហេតុ និងធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព។
តាមការពិនិត្យលើកាមេរ៉ា គឺនៅវេលាម៉ោង៥និង៣នាទីព្រឹក ថ្ងៃទី៣១ធ្នូ បានឃើញសកម្មភាពមនុស្សម្នាក់ ដើរទៅរកយន្តហោះស្កាយ បន្ទាប់មកបន្តដើរទៅJC ហើយបន្តទៅយន្តហោះ កើតហេតុ ឡានម៉ី ដោយមនុស្សម្នាក់នោះ បានដើរទៅដេកនៅក្នុងកន្លែងកង់របស់យន្តហោះ លុះដល់ម៉ោង១០និង២០នាទី យន្តហោះបានធ្វើការហោះហើរ ដោយមិនបានដឹងថា មានមនុស្សចូលទៅសំងំក្នុងកង់យន្តហោះឡើយ។
មហាជនបានរិះគន់យ៉ាងខ្លាំងទៅលើការធ្វេសប្រហែស របស់មន្រ្តីក្នុងព្រលានយន្តហោះសៀមរាប ពីព្រោះថាមុននឹងអនុញ្ញាតឲ្យយន្តហោះ ហោះហើរគឺមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត។ ដែលនេះជាកំសោយ របស់មន្រ្តីក្នុងព្រលានយន្តហោះសៀមរាប៕