ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០១៨ រកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៩០​

97


ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨ កងទ័ពកម្ពុជា សហការជាមួយក្រុមរកអដ្ឋិធាតុវៀតណាម បានរកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៩០ធាតុបន្ថែមទៀត ខណៈរយៈពេល១៧ឆ្នាំ កន្លងមកនេះ គណៈកម្មការ ស្តីពីកិច្ចការពិសេសនៃរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានរុករក និងប្រមូលផ្តុំអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្តវៀតណាមបានជាង ១៧.៨៥០អដិ្ឋធាតុ ហើយក៏បានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ទីបញ្ចុះ នៅប្រទេសវៀតណាម។ នេះបើតាមលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់តាមបណ្តាញសង្គម​ហ្វេសប៊ុកផ្លូវការថា៖ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយក្រុមរកអដ្ឋិធាតុវៀតណាម ដោយបានរុករកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៩០ធាតុ ក្នុងនោះរកឃើញដោយ យោធភូមិភាគពិសេសចំនួន៥២ធាតុ យោធភូមិភាគទី១ ចំនួន៣៦ធាតុ យោធភូមិភាគទី២ ចំនួន២០៧ធាតុ យោធភូមិភាគទី៣ ចំនួន១៣៥ធាតុ យោធភូមិភាគទី៤ ចំនួន៩២ធាតុ និងយោធភូមិភាគទី៥ ចំនួន៦៨ធាតុ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសម័យសង្រ្គាម នៅប្រទេសកម្ពុជា។ ក្រោយចុះកិច្ចព្រមព្រៀងនេះ កាលពីខែឧសភា ឆ្នាំ២០០១ គណៈកម្មការ ស្តីពីកិច្ចការពិសេសនៃរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានដាក់ចេញនូវផែនការសកម្មភាពមួយ រវាងគណៈកម្មការទាំងពីរនេះ ក្នុងគោលបំណង ដឹកនាំការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា។ រយៈពេល១៧ឆ្នាំ (២០០០ -២០១៧) នៃប្រតិបត្ដិការនេះ គណៈកម្មការ ស្តីពីកិច្ចការពិសេស នៃរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាចំនួន១៥។ ដោយមានការសហការការដឹកនាំ យ៉ាងម៉ឹងម៉ាត់ ពីសំណាក់គណៈកម្មការស្តីពីកិច្ចការពិសេស ស្ថាប័នគ្រប់ជាន់ថ្នាក់ និងការគាំទ្រពីប្រជាជនកម្ពុជានោះ គឺមកដល់បច្ចុប្បន្ននេះ ការរុករក និងប្រមូលផ្តុំអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្តវៀតណាមបានជាង ១៧.៨៥០អដិ្ឋធាតុ ហើយក៏បានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ទីបញ្ចុះ នៅប្រទេសវៀតណាម។ តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ពិសេស ​ស្វែង​រក​អដ្ឋិធាតុ នៅ​សល់​អដ្ឋិធាតុ​ របស់​​​ជនជាតិ​វៀតណាម​​ជិត ​៤​ពាន់​នាក់​ទៀត ​នៅ​កម្ពុជា ដែល​មិន​ទាន់ត្រូវ​បាន​​រក​ឃើញ​នៅ​ឡើយ​ទេ​។ កម្ពុជា​ និង​វៀតណាម បាន​កំណត់​គោលដៅ​បញ្ចប់​ការ​ស្វែង​រក​អដ្ឋិធាតុ​ ជនជាតិ​វៀតណាមនៅ​កម្ពុជាទាំង​អស់ ហើ​យ​​ធ្វើ​មាតុភូមិ​និវត្តន៍​វិញ ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០៕


អត្ថបទដែលជាប់ទាក់ទង