ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យបង្កើនគុណភាព ប្រសិទ្ធភាព នៃដំណើរការការងារ លើវិស័យអប់រំ

86


ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតិអោយសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីសកម្មភាពរបស់សមាគមគ្រឹះស្ថាន ឧត្តមសិក្សា នាឆ្នាំកន្លងមក ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យមនុស្សធម៌ រួមទាំងបញ្ហាសង្គមផងដែរ។ លើសពីនោះទៅទៀត​ លោកក៏បានជម្រាបជូនសម្ដេចតេជោ អំពីយុទ្ធសាស្ត្ររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាផងដែរ។​ តាងនាមឱ្យប្រតិភូទាំងមូល ក្នុងជំជួបពិភាក្សានេះ ទី១) លោក ហេង វ៉ាន់ដាបានគោរពស្នើ សុំសម្ដេចតេជោ នាយករដ្ឋមន្រ្តី មេត្តាពិចារណាបង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍជាតិកម្ពុជា។ ទី២) ស្នើសុំបង្កើតក្រុមការងារ រវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយក្រសួងអប់រំ និង ទី៣)​ បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាជាមួយក្រសួងសុខាភិបាល។

ការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែក របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា លើវិស័យអប់រំនៅកម្ពុជា លើវិស័យមនុស្សធម៌ និងលើវិស័យសង្គមផងដែរ។ ពាក់ព័ន្ធជាមួយនឹងសំណើរដែលលោកហេង វ៉ាន់ដា បានលើកឡើង សម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សម្រេចថា ៖ ទី១) សម្តេចបានយល់ស្រប បង្កើតឲ្យមានគណៈកម្មការ រួមមួយរវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ទី២)​ ប្រគល់ការងារជូន​ លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន​ ជាប្រធានគណៈកម្មការ ទី៣)​ បង្កើតលេខាធិការដ្ឋានមួយនៅក្រោមចំណុះក្រសួងអប់រំ ដែលនឹងមានគណៈកម្មការមួយចំណុះ។ បន្ទាប់ពីគណៈកម្មាធិការនេះ បង្កើតរួចហើយ​ គណៈកម្មការត្រូវពិនិត្យបង្កើតយន្តការ​ និងរៀបចំពិនិត្យឡើងវិញ នូវអនុក្រឹត្យពាក់ព័ន្ធទៅនឹងអនុក្រឹត្យ ស្ដីពីគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។

នៅក្នុងជំនួបនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា ឆ្នាំកន្លងមក គឺមានសំណើយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការការអនុគ្រោះពន្ធ។ល។ ប៉ុន្តែជំនួបលើកនេះ គឺពុំមានសំណើច្រើនឡើយ តែផ្ទុយទៅវិញ គឺមានតែសំណូមពរ ដែលទាក់ទងទៅនឹងការបង្កើនគុណភាព ប្រសិទ្ធភាពនៃដំណើរការការងារ លើវិស័យអប់រំនេះ៕

អត្ថបទដែលជាប់ទាក់ទង