ចាស់ទំនើង កាប់ប្រហាររងរបួស២នាក់ ពេលសមត្ថកិច្ច ណែនាំមិនឲ្យអុកឡុកក្នុងភូមិ
ព្រៃវែង ៖ ករណីបង្កអំពើហិង្សាដោយចេតនា បង្កឡើងដោយចាស់ទំនើងម្នាក់ កាប់ប្រហារបណ្តាលឲ្យសមត្ថកិច្ចរងរបួស២នាក់ ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១ នៅចំណុចភូមិត្រពាំងសេះ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះ ហន់ ហ៊ាង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពកាប់ទៅលើសមត្ថកិច្ច បណ្តាលអោយរងរបួស ២នាក់រួមមាន៖១-ឈ្មោះ អនុ/ទោ យី ថេត នាយរងប៉ុស្តិ៍ រងរបួសស្មាខាងឆ្វេង ដាចចេញឈាម និង២-ឈ្មោះ ដៃ រស្មី មន្ត្រីប៉ុស្តិ៍ រងរបួស កំភូនដៃខាងស្តាំ ដាច់ចេញឈាម ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រាលថា ជនដៃដល់បានដើររករឿងដេញកាប់គេឯងផ្អើលពេញភូមិ ។ ពេលទទូលបានព័ត៌មានភ្លាម លោក យី ថេត និងលោក ដៃ រស្មី បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ហើយក៏បានជួបជនសង្ស័យ ហើយនិយាយណែនាំកុំឲ្យធ្វើបែបហ្នឹង ធ្វើឲ្យជនដៃដល់ខឹង ក៏កាប់ទៅលើសមត្ថកិច្ច បណ្តាលអោយរងរបួសទាំង២នាក់។
ក្រោយកើតហេតុ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕