ជនជាតិចិន ៤នាក់ ត្រូវ ឃាត់ខ្លួន ករណីមនុស្សឃាតដោយចេតនា
ព្រះសីហនុ៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនា មិនបានសម្រេច។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩និង៥០នាទី នៅចំណុចក្រុមទី៦ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោចេតនា(មិនបានសម្រេច) មួយកើតឡើង។ បង្កឡើងដោយជនសង្ស័យចំនួន៤នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពសម្រុកចូលក្នុងរថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ក្នុងខណៈពេលដែលជនរងគ្រោះកំពុងឡើងរថយន្តជិះត្រឡប់ទៅផ្ទះវិញ ដោយជនសង្ស័យទាំង ៤នាក់នោះ មានកូនកាំបិតស្នៀត១ដើម និងកាំភ្លើងខ្លី១ដើម ក្នុងពេលដែលពួកគេកំពុងវាយ និងយកកាំភ្លើងភ្ជង់គំរាមកំហែងជីវិតរបស់ជនរងគ្រោះនៅក្នុងរថយន្ត ក៏ត្រូវកម្មកររបស់ជនរងគ្រោះឃើញ ហើយមានការឆោរឡោឡើង ពេលនោះជនសង្ស័យទាំង ៤នាក់ បាននាំគ្នារត់គេចខ្លួនអស់។ បន្ទាប់ពីបានទទួលដំណឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតចាប់ខ្លួនបានជនសង្ស័យចំនួន១នាក់។
លោកស្នងការបន្តថា ជនរងគ្រោះឈ្មោះ LIN YONGFEI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ វិស្វករ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួស មានស្នាមជាំនៅកញ្ចឹងក។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ZHANG HONG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន៖កូនកាំប៉ិតស្នៀត ១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)។
បន្ទាប់ពីចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់បានជនសង្ស័យដែលសេសសល់ក្នុងករណី ចំនួន ៣នាក់ បន្ថែមទៀត នៅថ្ងៃទី ២ ខែកមរា ឆ្នាំ២០១៩ វេលាម៉ោង៥ទៀបភ្លឺ។
ជនសង្ស័យទាំង ៣នាក់រួមមានទី១-ឈ្មោះ CHEN BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៣ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី)។ ទី២-ឈ្មោះ ZHAO QINGSONG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED០៤៣០១២៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (ជនដៃដល់កាន់កាំភ្លើងភ្ជង់គំរាមជនរងគ្រោះ)។ និងទី៣-ឈ្មោះ ZUO GUO XING ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៩៩៩៩០ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី)។
វត្ថុតាងចាប់យកបានបន្ថែម៖ កាំភ្លើងខ្លី ១ដើម ម៉ាក RUGER SR9c លេខឈូសចោល មានបង់ ១ និងគ្រាប់៤គ្រាប់ កូនកាំប៉ិតស្នៀត១ដើម និងស្រោមដៃ១គូរ។
ប្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាន ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕