បង្ក្រាបទីតាំងបើកល្បែងអនឡាញ នៅបុរីGOOD LUCK ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃនិងឥណ្ឌូណេស៊ី៨នាក់
បន្ទាយមានជ័យ ៖កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចុះទៅបង្ក្រាបទីតាំងបើកល្បែងអនឡាញ ២ កន្លែង ក្នុងបុរី GOOD LUCK នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ ឃាត់ខ្លួនជនជាតិថៃនិងជនជាតិឥណ្ឌូណេស៊ីប្រុសស្រី៨នាក់ និង ដកហូតសម្ភារៈមួយចំនួន បម្រើឱ្យការប្រព្រឹត្តល្បែងអនឡាញខុសច្បាប់។
ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ បានដឹកនាំសមត្ថកិច្ចបានឆែកឆេរត្រួតពិនិត្យជនបរទេសទាំង៨នាក់នោះ គឺមានស្ត្រីជនជាតិថៃម្នាក់ធ្វើតេស្តទឹកនោមឃើញមានការប្រើប្រាស់គ្រឿងញៀន និងត្រួតពិនិត្យ ពួកគេមាន លិខិតឆ្លងដែន ប្រភេទការងារ ប៉ុន្តែគ្មានប័ណ្ណការងារ សមត្ថកិច្ចបានចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីយកមកសាកសួរបន្ថែម និងចាត់ការតាមនីតិវិធីច្បាប់៕