សមាជិកAPPF ២២ប្រទេស ដែលមានគណៈប្រតិភូបរទេសជាង២០០នាក់ នឹងចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៅខេត្តសៀមរាប នាពាក់កណ្តាលខែមករានេះ
សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាពាក់កណ្តាល ខែមករា ឆ្នាំ២០១៩។ យោងតាមលទ្ធផលការងារដែលបានបង្ហាញនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សមាជិកសភាចំនួន២២ប្រទេស នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដោយរាប់បញ្ចូលទំាងសភាកម្ពុជាជាម្ចាស់ផ្ទះផងនោះ នឹងចូលរួមកិច្ចប្រជុំប្រចំានេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក ក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២៧ APPFនេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដែលមានដូចជា អនុគណៈកម្មការទាំង៥ នៃគណៈកម្មការរៀបចំ ក្រុមការងារទទួលបន្ទុកខ្លឹមសារតាមវិស័យនីមួយៗ តំណាងពីក្រសួងពាក់ព័ន្ធ និងវិទ្យាស្ថានសភាកម្ពុជា ព្រមទាំងក្រុមការងារលេខាធិការដ្ឋានជាតិAPPF ជាដើម។
លោក ឡេង ប៉េងឡុង ប្រធានលេខាធិការដ្ឋានជាតិ APPF និងជាអគ្គលេខាធិការរដ្ឋសភា បានរាយការណ៍ជូនកិច្ចប្រជុំថា រហូតមកដល់ពេលនេះ ការងារជាច្រើនបានសម្រេចរួចរាល់ ដោយរង់ចំាតែថ្ងៃអនុវត្តមកដល់ប៉ុណ្ណោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមាជិកAPPFចំនួន២១ប្រទេស ដោយមានសមាសភាពគណៈប្រតិភូប្រមាណចំនួន២៣៩នាក់ បានបញ្ជាក់ជាផ្លូវការថា នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំAPPF ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ។ ចំនួនប្រទេស និងសមាសភាពចូលរួមនេះ មិនរាប់បញ្ចូលសមាសភាពមកពីសភាប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ក្នុងឆ្នាំ១៩៩៣។ APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧APPF នឹងរៀបចំធ្វើនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។
លោក ងួន ញ៉ិល បានផ្តាំផ្ញើដល់ក្រុមការងារខិតខំបំពេញភារកិច្ចឲ្យបានម៉ត់ចត់ រហូតដល់ភារកិច្ចរបស់សភាកម្ពុជាបានបញ្ចប់ ពោលគឺរហូតដល់កិច្ចប្រជុំលើកទី២៧APPFបញ្ចប់ដំណើរការទៅដោយរលូន។ ប្រធានគណៈកម្មការរៀបចំ បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំAPPFលើកទី២៧ ជាព្រឹត្តិការណ៍បង្ហាញពីកិត្តិយស និងជាមុខមាត់របស់កម្ពុជាទាំងមូល ក្នុងការចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍរបស់ ពិភពលោក៕