ចាប់ខ្លួនយុវជនទំនើង២នាក់ យកដំបងឫស្សី វាយទៅលើភ្ញៀវចូលរោងការ បែកក្បាលដេរ៥ថ្នេរ
កំពង់ស្ពឺ៖ អ្នកលេង ជាយក្រុង២នាក់ ប្រើហឹង្សា យកដំបងឫស្សី វាយទៅលើភ្ញៀវចូលរោងការ បែកក្បាលដេរ៥ថ្នេរ ត្រូវបាននគរបាលក្រុងច្បារមន ក្របួចបាន និងបានកសាងសំណុំរឿងតាមនីតិវិធី ។
អធិការដ្ឋាននគរបាលក្រុងច្បារមន នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៩នេះ បានឲ្យដឹងថា ថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទីយបើ មានករណីអំពើហិង្សាដោយចេតនា បណ្ដាលឲ្យរងរបួសក្បាលពីខាងឆ្វេងដេរ៥ថ្នេរ កើតឡើងនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានឈ្មោះម៉ប់ រ៉ាន់ដា ហៅថ្លែន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួម ក្នុងកម្មវិធីចូលរោងការកូន របស់ឈ្មោះឆាង នី នៅភូមិរលាងសង្កែ ជាមួយគ្នា ខណៈកំពុងអង្គុយហូបបាយ ក៏មានឈ្មោះសេត សាម៉ាឌី ហៅខួច ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកភូមិរលាំងសង្កែ បានយកឆ្នាំងដាក់បាយ មកវាយជនរងគ្រោះ តែជនរងគ្រោះរងទាន់ ឈ្មោះសេក សាម៉ាឌី រត់ចេញក្រៅរោង ជនរងគ្រោះតាមសួរ កំពុងសួរ ក៏ស្រាប់តែឈ្មោះពេជ្រ សុភាព ហៅឌុយ ភេទប្រុស អាយុ២២ឆ្នាំ អ្នកភូមិរលាំងសង្កែដូចគ្នា យកដំបងឫស្សី វាយបណ្ដាលឲ្យត្រូវក្បាលពីខាងឆ្វេង បែកដេរ៥ថ្នេរ ហើយក៏រត់គេចខ្លួនបាត់។ នគរបាលមូលដ្ឋានដដែល បានឲ្យដឹងថា លុះព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងបានកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕