ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើភាគីចិន បន្តអនុវត្តន៍ការងារត្រួតពិនិត្យគ្រឿងញៀន

74

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិន មានជំនឿយ៉ាងមុតមាំ លើការបន្តចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា និងចិន ពិសេសលើការងារត្រួតពិនិត្យគ្រឿងញៀន តាមការស្នើសុំរបស់សមភាគីកម្ពុជា លើការបណ្តុះបណ្តាល ការងារគ្រប់គ្រង និងបច្ចេកទេសព្យាបាល អ្នកញៀនគ្រឿងញៀន និងជួយគាំទ្រ ដល់ដំណើរការអនុវត្តកម្មវិធី ព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍។

ថ្ងៃព្រហស្បតិ៍​ ទី៣ ខែមករា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឲ្យ លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធរណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅទីស្តីការ គណៈរដ្ឋមន្រ្តី។

លោកនាយឧត្តមសេនីយ៍ បានថ្លែងថា ក្នុងជំនួបប្រកបដោយចំណងមិត្តភាព ជាយូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះក៏មានកិច្ចពិភាក្សា បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការត្រួតពិនិត្យគ្រឿងញៀន សម្រាប់ឆ្នាំ២០១៩ ផងដែរ ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀននេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើភាគីចិន បន្តអនុវត្តន៍ឲ្យបានជោគជ័យ ទៅតាមស្មារតីដែលបានព្រមព្រៀងគ្នាកន្លងមក លើការងារត្រួតពិនិត្យគ្រឿងញៀន។
បន្តការគាំទ្រដល់ដំណើរការសាងសង់ និងបំពាក់នូវឧបករណ៍ សម្ភារបច្ចេកទេសដល់ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ព្រមទាំងជួយធ្វើការ បណ្តុះបណ្តាលលើការងារគ្រប់គ្រង និងបច្ចេកទេសព្យាបាល អ្នកញៀនគ្រឿងញៀន និងជួយគាំទ្រដល់ដំណើរការអនុវត្តកម្មវិធី ព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ តាមរយៈការជួយពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋាន។ លោកឧបនាយករដ្ឋមន្រ្តី ក៏ស្នើឲ្យមានកម្មវិធីទស្សនកិច្ច សិក្សាដកពិសោធន៍ លើការងារត្រួតពិនិត្យគ្រឿងញៀន ដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាធារណរដ្ឋប្រជាមានិតចិន ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ទូតចិនថ្មី ក៏បានជំរុញឱ្យស្ថាប័នទាំងពីរ ដើម្បីពង្រឹង និងការពង្រីកការត្រួតពិនិត្យ គ្រឿងញៀន​ជាពិសេសនៅតំបន់ព្រះសីហនុ ដែលមានចំនួនប្រជាជនចិន មករស់នៅ និងវិនិយោគច្រើនជាងគេផងដែរ។ ព្រមទាំងទីតាំងមួយចំនួនទៀតដូចជា ទីក្រុងភ្នំពេញ ខេត្តសៀមរាប ឬក៏ទីក្រុងប៉ោយប៉ែត។

ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ប្រទេសចិន គឺឆ្អឹងខ្នងមួយនៅក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលបានគាំទ្រ នូវយន្តការបង្ក្រាបបទល្មើសគ្រឿងញៀនផងដែរ។ ជានិច្ចកាល ប្រទេសចិន បានជួយលើផ្នែកជាច្រើនមកកម្ពុជា ដូចជា មន្ទីរពិសោធន៍ ផ្នែកវេជ្ជសាស្ត្រ និងជំរុញការព្យាបាលតាមសហគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយជាង៤០០ឃុំ-សង្កាត់ នៅក្នុងប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ ភាគីចិន នឹងខិតខំដោះស្រាយ និងឆ្លើយតប ដែលភាគីកម្ពុជា ត្រូវការចាំបាច់សម្រាប់យុទ្ធនាការបង្ក្រាបគ្រឿងរបស់ខ្លួន ហើយសម្រាប់ឆ្នាំ២០១៩នេះ ក៏បានជំរុញគណៈកម្មការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំបន្ថែមទៀត ដើម្បីពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសលើយុវជនធ្វើយ៉ាងម៉េចត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ជាការឆ្លើយតប លោក Wang Wentian បានមានប្រសាសន៍ អបអរសាទរ ចំពោះលទ្ធផលជាផ្លែផ្កា នៃសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជា ហើយយើងនឹងបន្តកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ។ លោកឯកអគ្គរដ្ឋទូត ក៏ឯកភាពនឹងរៀបចំឲ្យមានដំណើរ ទស្សនកិច្ចជាផ្លូវការ ជូនគណៈប្រតិភូ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាធារណរដ្ឋប្រជាមានិតចិន ។ លោកទូតចិន មានជំនឿយ៉ាងមុតមាំ លើការបន្តចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា និងចិន ពិសេសលើការងារត្រួតពិនិត្យគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង