ព្យុះនិងគ្រោះរអិលបាក់ដី នៅហ្វីលីពីន សម្លាប់មនុស្សយ៉ាងហោចណាស់ ១២២នាក់ និងជាច្រើននាក់បាត់ខ្លួន
ហ្វីលីពីន ៖ ព្យុះភ្លៀង ដែលបង្កជាគ្រោះរំអិលបាក់ដី និងទឹកជំនន់ នៅប្រទេសហ្វីលីពីន បានសម្លាប់មនុស្ស១២២នាក់ និងបាត់ខ្លួនរាប់សិបនាក់ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរហ្វីលីពីន តំបន់មានមនុស្សស្លាប់ច្រើនគេដល់ទៅ១០៥នាក់ គឺតំបន់ Bicol ភាគកណ្តាលប្រទេស ដែលមូលហេតុភាគច្រើនគឺដោយសារគ្រោះរអិលបាក់ដីអាក្រក់ៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងត្រូវចុះទស្សនកិច្ចទៅកាន់តំបន់ Bicol នាថ្ងៃសុក្រស្អែកនេះ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវទំហំខូចខាត និងដើម្បីធានាថា ចំណាត់ការនានាកំពុងប្រព្រឹត្តទៅ សម្រាប់ជួយដល់ជនរងគ្រោះទាំងឡាយ។
គួរជម្រាបថា មនុស្សជិត៧៤,០០០គ្រួសារឬស្មើនឹងជាង៣០៨,០០០នាក់ មកពី៤៥៧តំបន់ផ្សេងៗគ្នា ក្នុងប្រទេសហ្វីលីពីន បានទទួលរងផលប៉ះពាល់ជាខ្លាំង ដោយសារព្យុះឈ្មោះថា Usman ដែលបានបោកបក់សង្រ្គប់លើប្រទេសដីកោះនេះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨៕