ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ដឹកនាំមន្ត្រីចុះត្រួតពិនិត្យការហ្វឹកហាត់សាកល្បងជាក់ស្តែង​ សម្រាប់កម្មវិធីថ្ងៃ៧មករា ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

77

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីព្រឹកថ្ងៃ សៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមត្រួតពិនិត្យការហ្វឹកហាត់សាកល្បងជាក់ស្តែង​ សម្រាប់កម្មវិធីថ្ងៃ ៧មករា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា មានថ្ងៃជ័យជម្នះ៧មករា១៩៧៩ ទើបមានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃ! ។ មន្ត្រីដដែរថា នៅតែប៉ុន្មានថ្ងៃទៀត ខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា នឹងចូលមកដល់ហើយ ហើយអ្វីដែលយុវជន សិស្សានុសិស្សជំនាន់ក្រោយត្រូវចងចាំនោះ គឺការរំដោះបានប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ជីវិតប្រជាជនខ្លួនឯងជាង ៣លាននាក់ រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
  គួររំលឹកដែរថា កាលពីព្រឹកថ្ងៃ០៤ មករា២០១៩ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួនដែលបង្ហាញពីសមត្ថភាពនៃការដឹកនាំរបស់ស្ថាប័ននិមួយៗ ហើយយើងទាំងអស់គ្នាក៏ធ្លាប់មានពិសោធន៏ប្រកបដោយជោគ ជ័យក្នុងការចូលរួមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីធំៗរួចមកហើយ ។ សម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការហាត់សមកំលាំងច្រើនលើកច្រើនសារជាមួយបណ្តាខេត្ត.ក្រុងផ្សេងៗទៀត សម្រាប់កម្មវិធីថ្ងៃ៧មករា ផ្លូវការចាប់ផ្តើម។
   នៅថ្ងៃទី៥មករានេះ យើងបានហាត់សមកំលាំងចូលរួមជាលើកចុងក្រោយឲ្យដូចពិធីផ្លូវការពិតៗនៅពហុកីឡាដ្ឋាន ជាតិអូឡាំពិក ស្របជាមួយនឹងមានការចូលរូមពីមហាជនប្រមាណ៤ម៉ឺននាក់។
      ពាក់ព័ន្ធនឹងពីធីខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរនៅ បរិវេណពហុកីឡាដ្ឋានជាតិឡាំពិក និងសុំឲ្យមានការផ្អាករាល់ការដ្ឋានសំណង់នានានៅជុំវិញពហុកីឡាដ្ឋានជាតិ និងមិនត្រូវឲ្យមានការហាលខោអាវរញេរញ៉ៃ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់នៅក្បែរទីតាំងប្រារព្វពិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង