សម្តេចតេជោ ហ៊ុន សែន ៖ រំដោះប្រទេសបានរួចផុតពីសង្រ្គាម និងពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា នឹងធ្វើយ៉ាងមហោឡារឹក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ ជាមួយការរំលេចចេញនូវផ្ទាំងទស្សនីយភាពសិល្បៈនានា ដូចជាការឈរតំរៀបគ្នាចេញទង់ជាតិរបស់កម្ពុជា ការតំរៀបចេញជារូបភាពព្រាប និងអក្សរផ្សេងៗ។ ក្នុងនោះក៏មានការបង្ហាញពីសមិទ្ធិផលនានាកើតចេញពីសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា។
បើតាម គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី ៖ “ខ្ញុំ
និងភរិយា សូមអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមទាំងមិត្តរួមអាវុធ និងអតីយុទ្ធជន ដែលបានលះបង់គ្រប់យ៉ាងរួមទាំង អាយុជីវិតក្នុងការចូលរួមរំដោះប្រទេសបានរួចផុតពីសង្រ្គាម និងពីរបបប្រល័យពូជសាសន៍ ដែលធ្វើអោយកម្ពុជាទទួលបាននូវសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ ច្បាស់ណាស់មាន ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។
នៅថ្ងៃនេះ យើងទាំងអស់គ្នាសប្បាយរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ទាំងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា។
ខ្ញុំនិងភរិយា សូមប្រគេនពរ តេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងទ័ពជាតិនៅទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារព្រមទាំងពុទ្ឋពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ”។
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរយ៉ាងមហោឡារឹកខួប៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។
ក្នុងសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បានរំលេចពីទុក្ខវេទនា របស់ប្រជាពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍។ សម្តេចតេជោ បានលើកបង្ហាញពីការតស៊ូ ពលីកម្មសព្វបែបយ៉ាងរបស់យុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិក្នុងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងស្តារប្រទេសជាតិឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីវឌ្ឍនភាពជាតិ ក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាព។
ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងចំនួន១១ទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅចំពោះមុខ មហាជនរាប់ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៖