ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បង្ហាញ ពីវឌ្ឍនភាពជាតិ ក្នុងរយៈពេល៤០ឆ្នាំកន្លងមក

94


ភ្នំពេញ៖ ក្នុងសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍, លើកបង្ហាញពីការតស៊ូពលីកម្ម សព្វបែបយ៉ាងរបស់យុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិ ក្នុងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងស្តារប្រទេសជាតិឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញ ពីវឌ្ឍនភាពជាតិ ក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួច ក្នុងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានរំដោះប្រជាជនកម្ពុជា ចេញពីរបបប៉ុលពត នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រកាសថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ ប្រជាជនកម្ពុជា ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណា មកបំភ្លៃ ឬបំផ្លាញបានឡើយ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ។

ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្ងែងបែបនេះ បន្ទាប់ពីក្រុមអ្នកប្រឆាំងមួយចំនួន បានវាយប្រហារទៅលើថ្ងៃ៧មករា ឆ្នាំ១៩៧៩ របស់គណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែលជាសកម្មជនក្រុមប្រឆាំងនៅប្រទេស​អូស្ត្រាលី​ បានធ្វើបាតុកម្ម​កាលពីថ្ងៃសៅរ៍ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រារព្ធ​ទិវា ​៧ ​មករា ដោយពួកគេបានបំផុសថា ​​៧មករា ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លាន​ពាន​ទឹក​ខ្មែរ​​។​

ប៉ុន្តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ជាពិសេសប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម សុទ្ធតែបានគាំទ្រចំពោះជ័យជម្នះ ៧មករា ដែលធ្វើឱ្យពួកគេរួចផុតពីការកាប់សម្លាប់របស់របបប៉ុលពត។ ពួកគេបានចាត់ទុកថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា និងចងចាំមិនភ្លេចអំពីគុណបំណាច់ នៃជ័យជំនះមួយនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ សម្រេចបានមកដោឈរលើមូលដ្ឋាន នៃការគួបផ្សំយ៉ាងស្អិតល្មួតរវាងកម្លាំងពីរ គឺ៖ កម្លាំងមហាសាមគ្គីជាតិរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការជួយឧបត្ថម្ភយ៉ាងធំធេង ទាន់បេល និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម។​ បើគ្មានការគួបផ្សំ នៃកម្លាំងទីពីរនេះ គឺពិតជាមិនអាចមានជ័យជម្នះ ៧មករា ១៩៧៩បានឡើយ៕

អត្ថបទដែលជាប់ទាក់ទង