ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀនជាង ១គីឡូក្រាម នៅប៉ោយប៉ែត

80


បន្ទាយមានជ័យ៖ ករណីអាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង ១គីឡូត៍ក្រាម ត្រូវ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨មករានេះ បានឲ្យដឹងថា ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៥ រសៀល កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅចំណុចខាងជើងស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា ៖ ក្រោយទទួលបានព័ត៌មានអំពីករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន លោកបានធ្វើសេចក្តីរាយការណ៍ ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តន៍ និងដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ១-ឈ្មោះ ប៉ិក សែនសុវណ្ណ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិអាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ២-ឈ្មោះ ពេជ្រ រដ្ឋា ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរឹបអូសវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១ថង់កឹប ស្មើ ១០១៥,២ក្រាម ទូរស័ព្ទដៃចំនួន ២គ្រឿង សៀវភៅធនាគារសាធារណៈរបស់(ពេជ្រ រដ្ឋា) ១ក្បាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក សៀវភៅឆ្លងដែន ១ក្បាល ប័ណ្ណព្រំដែនកម្ពុជា-ថៃ ១ក្បាល សៀវភៅគ្រួសារ ១ក្បាល និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ។ បន្ទាប់ពីសាកសួររួចមក ជនសង្ស័យខាងលើ មានសារភាពថា ៖ ១-ឈ្មោះ ប៉ិក សែន សុវណ្ណ ៖ រូបគេបានបញ្ជាទិញគ្រឿងញៀន ពីជនជាតិថៃម្នាក់ឈ្មោះ ឈីន ដើម្បីយកទៅចែកចាយបន្ត ដោយណាត់ប្រគល់-ទទួលទំនិញនៅម្តុំស្រះស្ទួចត្រី ២-ឈ្មោះ ពេជ្រ រដ្ឋា ៖ រូបនាងត្រូវបានជនជាតិថៃឈ្មោះ ឈីន ប្រើឲ្យយកតែ ១កញ្ចប់ធំ ដាក់ក្នុងកាបូបស្ពាយ ទៅប្រគល់ឲ្យជនសង្ស័យខាងលើ ហើយរូបនាងមិនដឹងថា ក្នុងកញ្ចប់នោះ ជាគ្រឿងញៀននោះទេ ។ ចំណែកជនសង្ស័យឈ្មោះ ឈីន ជាជនជាតិថៃ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ ចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោស ទៅតាមច្បាប់ ។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕


អត្ថបទដែលជាប់ទាក់ទង