ប៉ូលិសចិនបង្ក្រាបក្រុមលក់កាំភ្លើងតាមអនឡាញ
(ប៉េកាំង)៖ ប៉ូលិសនៅក្នុងទីក្រុងហាប៊ីន (Harbin) នៃខេត្តហៃឡុងជាំង (Heilongjiang) ស្ថិតនៅភាគឦសានប្រទេសចិន បានចាប់ខ្លួនជនសង្ស័យ ២៤នាក់ និងរឹបអូសកាំភ្លើងបាន ៤២ដើម នៅក្នុងប្រតិបត្តិការបង្ក្រាបការលក់អាវុធខុសច្បាប់ នៅក្នុងបណ្ដាញអ៊ីនធើណែត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៧ ប៉ូលិសចិនត្រួវបានគេជូនដំណឹងថា មនុស្សម្នាក់ហៅក្រៅឈ្មោះ Ren មានកាំភ្លើងមួយដើមនៅក្នុងដៃ ហើយអំឡុងពេលស៊ើបអង្កេត ប៉ូលិសបានរកឃើញជនសង្ស័យម្នាក់ទៀតឈ្មោះ Lin ដែលបានលក់កំាភ្លើងខាងលើឱ្យជនឈ្មោះ Ren។ បុរសឈ្មោះ Lin ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៧ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ និង ៧ខែ កាលពីខែតុលា ឆ្នាំ២០១៨។
បន្ថែមពីនេះទៀត ការស៊ើបអង្កេតនេះក៏បានបង្ហាញដែរថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ ឈ្មោះ Lin បានទិញកាំភ្លើងជាច្រើនពីបរទេស ហើយលក់វាទៅវិញចំនួន ៧០ដើម ឱ្យទៅអតិថិជន ៣៨នាក់ នៅលើបណ្តាញអ៊ីនធើណែត។
គួរបញ្ជាក់ថា ការកាន់កាប់កាំភ្លើងជាលក្ខណៈបុគ្គល គឺជាទង្វើខុសច្បាប់នៅក្នុងប្រទេសចិន ដែលកំពុងធ្វើយុទ្ធនាការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងកាំភ្លើង និងគ្រឿងផ្ទុះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទោះជាបែបក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ថា តើកាំភ្លើងមានប្រភពពីបរទេសនោះ គឺមកពីប្រទេសណាឲ្យប្រាកដឡើយ៕