ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តថាសក​ម្មការកាប់ឈើខុសច្បាប់ នៅតែបន្តកើតមាន

359


ភ្នំពេញ៖ បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត កាលពីថ្ងៃទី៧ខែមករា ឆ្នាំ២០១៩ បានសេចក្តីថ្លែងការណ៍ អំពីរបាយការណ៍ឃ្លាំមើលពីបច្ចុប្បន្នភាពព្រៃឡង់ លើកទី៧ ដោយបញ្ជាក់ពី​សកម្មភាពកាប់ឈើខុសច្បាប់ នៅតែបន្តកើតមាន និងមានការកើនឡើងនៅប៉ុន្មានឆ្នំាចុងក្រោយនេះ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា “យើងខ្ញុំ ជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ ទាំងបួនខេត្ត រួមមាន ខេត្តក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង សូមចែករំលែក នូវរបាយការណ៍ឃ្លាំមើល ពីបច្ចុប្បន្នភាពព្រៃឡង់ ចុងក្រោយបំផុត”។
របាយការណ៍នេះ មានរយៈពេលគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។​ មានចំណុចសំខាន់បីដែលយើងខ្ញុំបានរកឃើញរួមមាន៖ ១. សកម្មភាពកាប់ឈើខុសច្បាប់ នៅតែបន្តកើតមាន និងមានការកើនឡើងនៅប៉ុន្មានឆ្នំាចុងក្រោយនេះ ២.​ ការតម្រូវឱ្យសហគមន៍ សុំច្បាប់អនុញ្ញាតមុននឹងចុះល្បាត ខណៈអ្នកកាប់ឈើខុសច្បាប់ អាចចូលព្រៃកាប់ឈើ ដោយមិនចាំបាច់មានការអនុញ្ញាត ៣. ផ្លូវជាច្រើន​ដែលជា​កត្តា ​ជំរុញ​ដ៏​ធំ​មួយដែល​ធ្វើ​ឱ្យ​បាត់​បង់​ជម្រកសត្វ និងធ្វើឱ្យបាត់បង់ព្រៃឈើ​។

របាយការណ៍ដដែល បានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៥ មក បណ្តាញសហគមន៍ព្រៃឡង់ បានប្រមូលទិន្នន័យ ពីសកម្មភាពកាប់ឈើខុសច្បាប់ និងធនធានធម្មជាតិ ដែលមាននៅក្នុងព្រៃឡង់ ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃវៃឆ្លាត ដែលហៅថា “ព្រៃឡង់អេប”។ ទិន្នន័យដែលប្រមូលដោយបណ្តាញសហគមន៍ព្រៃឡង់ គឺត្រូវបានវិភាគដោយអ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ ខូបផែនហាហ្គែន (Copenhagen)។ រហូតមកដល់ពេលនេះ បណ្តាញសហគមន៍ព្រៃឡង់ និងសាកលវិទ្យាល័យ បានចេញផ្សាយរបាយការណ៍ឃ្លាំមើលចំនួន៧លើក ស្តីពីស្ថានភាពរបស់ព្រៃឡង់។

លោក ហឿន សុភាព ជាសមាជិកគណៈកម្មការសម្របសម្រួលបណ្តាញ សហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ មានការកោតសសើរចំពោះកិច្ចសហការ រវាងបណ្តាញសហគមន៍ព្រៃឡង់ និងសាកលវិទ្យាល័យ ខូបផែនហាហ្គែន។ “វាមានសារសំខាន់ណាស់សម្រាប់យើង ចំពោះទិន្នន័យ ដែលយើងប្រមូលជាមួយកម្មវិធីអេបព្រៃឡង់ ត្រូវបានផ្តល់ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំង រាជរដ្ឋាភិបាល។ យើងសង្ឃឹមថា របាយការណ៍នេះ និងរបាយការណ៍នាពេលអនាគត នឹងជួយរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីការពារព្រៃឡង់ឱ្យបានកាន់តែប្រសើរ”។

ក្នុងអំឡុងពេលរាយការណ៍ បណ្តាញសហគមន៍ព្រៃឡង់ បានប្រើប្រាស់កម្មវិធីអេបព្រៃឡង់ កត់ត្រា ធនធានមានចំនួន ៥៦ភាគរយ នៃទិន្នន័យសរុប និងសកម្មភាពមានចំនួន ៣៨ភាគរយ នៃទិន្នន័យសរុប ។ ទិន្នន័យភាគច្រើនស្ថិតក្រោមប្រភេទ “ធនធាន” បានរាយការណ៍ពីដើមឈើចំនួន ៨២ភាគរយ និងអនុផលព្រៃឈើ ចំនួន ១៤ភាគរយ។ មានការកត់ត្រាតិចតួច ចំពោះសត្វព្រៃ មានត្រឹម ៣ភាគរយ និងទីតាំងជំនឿ និងប្រាសាទ បុរាណ្យមានចំនួន ១ភាគរយប៉ុណ្ណោះ។ ការត្រួតពិនិត្យធនធានព្រៃឈើ បានបង្ហាញពីសារសំខាន់នៃ ដើមជ័រច្បោះ និងអនុផលព្រៃឈើ ដល់ជីវភាពរស់នៅក្នុងមូលដ្ឋាន។ របាយការណ៍តាមដាននេះ នឹងផ្តោតទៅលើការកាប់ឈើខុសច្បាប់ ដែលជាការគំរាមកំហែងចម្បង ដល់ព្រៃឡង់ និងជីវភាពរស់នៅក្នុងមូលដ្ឋាន។

លោក ឯក សុវណ្ណា សមាជិកគណៈកម្មការសម្របសម្រួល បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ បាននិយាយថា ដើមច្បោះជ័រ មានសារសំខាន់ខ្លាំងណាស់ សម្រាប់ជីវភាពរស់នៅ របស់សមាជិកសហគមន៍នៅក្នុងតំបន់ខេត្តក្រចេះ។ “សមាជិកសហគមន៍ជាច្រើន ចូលទៅក្នុងព្រៃរៀងរាល់សប្តាហ៍ ដើម្បីដងជ័រទឹក។ ពួកគេលក់ជ័រនៅក្នុងទីផ្សារក្នុងស្រុក ហើយវាជួយទ្រទ្រង់ជីវភាពគ្រួសារ។ កាលពីខែមុន ដើមច្បោះជ័រទឹក ជាច្រើនត្រូវបានកាត់ យកដោយអ្នកកាប់ឈើខុសច្បាប់ បញ្ហានេះធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់គ្រួសារ ទាំងនោះយ៉ាងខ្លាំង”។

សម្រាប់ “សកម្មភាព” ការកាប់ឈើខុសច្បាប់មានចំនួន៩៩ភាគរយ នៃសកម្មភាពទាំងអស់។ “ទិន្នន័យភាគច្រើនបានរាយការណ៍ថា “គល់ឈើកាត់រួចមួយៗ មានចំនួន ៤១ភាគរយ ដែលដើមឈើភាគច្រើនជាប្រភេទឈើប្រណីត។ “គំនរឈើ” ត្រូវបានជនល្មើសប្រមូលយកចេញ និង “ការដឹកជញ្ជូន​” មានចំនួន ២៤ភាគរយ នៃទិន្នន័យសរុប។ “តំបន់ដែលបានកាប់ឆ្ការ” មានចំនួន១១ភាគរយ នៃទិន្នន័យសរុប។ គួរឱ្យសោកស្តាយកម្មវិធីអេបនេះ មិនត្រូវបានរចនាឡើង ដើម្បីកត់ត្រាទំហំផ្ទៃដីដែលបានកាប់ឆ្កា។ ផ្ទៃដីដែលត្រូវបានកាប់ឆ្កា តែមួយអាចគ្របដណ្តប់លើផ្ទៃដី ១០០ហិកតា និងរាប់បញ្ចូលទាំងខ្ទមដែលធ្វើសម្រាប់ស្នាក់នៅរាប់រយ។ ការកាប់ឈើខុសច្បាប់កំពុងកើតឡើង ក្នុងអត្រាគួរឱ្យព្រួយបារម្ភ នៅដែនជម្រកសត្វព្រៃ ព្រៃឡង់និងទេសភាពជុំវិញ។ រូបភាពផ្កាយរណបបានបង្ហាញថាព្រៃឈើបាត់បង់ ៥៦០០ហិកតា នៅឆ្នាំ២០១៧ ។ ទំហំនេះវាស្មើនឹងតារាងបាល់ទាត់ចំនួន ២១តារាង នៃព្រៃឈើដែលបាត់បង់ជារៀងរាល់ថ្ងៃនៅឆ្នាំ២០១៧។

លោក ស្រី ថី សមាជិកគណៈកម្មការសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ មានការព្រួយបារម្ភយ៉ាងខ្លាំងពីកំសោយក្នុងការអនុវត្តច្បាប់នៅក្នុងតំបន់ព្រៃឡង់។ “យើងឃើញស្ទើរតែរៀងរាល់ថ្ងៃដែលអ្នកកាប់ឈើខុសច្បាប់បានកាប់ដើមឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែពួកគេមិនដែលត្រូវបានដាក់ទណ្ឌកម្ម​ដោយអាជ្ញាធរ។ យើងចង់ឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងធានាថាអ្នកកាប់ឈើខុសច្បាប់នាពេលអនាគត ត្រូវបានគេដាក់ទោសទណ្ឌចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនោះ”។

លោក ខេង ខូ សមាជិកក្រុមស្នូលបណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង បានលើកឡើងពីកង្វល់ចំពោះ ស្ថានភាពការកាប់ឈើនៅតែបន្តកើតមាន។ “ផ្លូវខ្វាត់ខ្វែងជាច្រើនបានសម្រួលដល់ការកាប់និងដឹកជញ្ជួនឈើចេញពីព្រៃឡង់ និងមន្ត្រីបើកដៃឱ្យអ្នកកាប់ឈើ និងជាអ្នកនៅពីក្រោយខ្នងការកាប់និងដឹកឈើទាំងនោះ រួមនិងឃុបឃិតគ្នាលក់ដីព្រៃទៅឱ្យអ្នកចំណូលស្រុកផងដែ”។

“យើងឃើញស្ទើរតែរៀងរាល់ថ្ងៃ ដែលអ្នកកាប់ឈើខុសច្បាប់ បានកាប់ដើមឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែពួកគេមិនដែលត្រូវបានដាក់ទណ្ឌកម្ម ​ដោយអាជ្ញាធរ។ យើងចង់ឱ្យរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់ និងធានាថាអ្នកកាប់ឈើខុសច្បាប់ នាពេលអនាគត ត្រូវបានគេដាក់ទោសទណ្ឌ ចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនោះ។” លោក ស្រី ថី សមាជិកគណៈកម្មការសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង