ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីចាប់ប្រពន្ធ វេចលុយជាង៥ម៉ឺនដុល្លារ រត់ទៅអូស្រ្តាលីវិញ ក្រោយរៀបការបាន៥ថ្ងៃ

214


ភ្នំពេញ៖ ក្រោយពេលរៀបការហើយបានប្រមាណ៥ថ្ងៃ នាងជាប្រពន្ធ ដែលសញ្ជាតិខ្មែរអូស្រ្តាលី មិនព្រមផ្សំដំណេកជាមួយប្តី ដោយរកលេសថាមិនស្រួលខ្លួន បែរជាវេចលុយ បណ្តាការចំនួន៥៧.០០០ដុល្លារ បម្រុងរត់ទៅអូស្រ្តាលីវិញ ប៉ុន្តែដោយសារប្តីដឹងទាន់ ហើយក៏ចាប់នាងប្រពន្ធ យកទៅប៉ុស្តិ៍កាកាប១ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បីដោះស្រាយនៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០១៩។

នៅក្នុងដំណាក់កាល ​សាកសួរ​នៅនៅ​សាលាសង្កាត់​កា​កាប​១ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ បានដោះស្រាយរឿងរ៉ាវរៀបការ​ជា​ប្តី​ប្រពន្ធ​ មិនបាន​ផ្សំ​ដំណេក ត្រូវបានធ្វើ​ការសម្របសម្រួល​គ្នា រវាង​ភាគីទាំងពីរ ភាគីខាងប្រុស ទាមទារ​សំណង​បណ្តា​ការ​វិញ ​២៨.០០០​ដុល្លារ លុយ​ដល់ដៃដើម្បី​បញ្ចប់រឿង។

បុរសម្នាក់ដែលចាញ់បោកស្រ្តីជាប្រពន្ធអាណិកជនខ្មែរអូស្រ្តាលី ទើបតែរៀបការហើយថ្មីៗ មានបំណងចង់រត់គេចខ្លួន ដោយនាំយកលុយបណ្ដាការចំនួន៥៧.០០០ដុល្លារទៅអូស្រ្តាលីវិញ បានចាប់ខ្លួនស្រ្តីរូបនោះ ប្រគល់ឲ្យអាជ្ញាធរសង្កាត់កាកាប១ នៅវេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅខាង​មុខ​សណ្ឋាគារ តារា​អ៊ែ​រ​ផត ជាប់​នឹង​ផ្សារ​ទំនើប​រតន​ផ្លា​ហ្សា ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។

បុរសជាប្ដី ឈ្មោះ សេង ឧត្តម អាយុ​២៧​ឆ្នាំ រស់នៅភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។ ចំណែកនារីជាប្រពន្ធមានឈ្មោះ ​ វិ​ជ្ជ​នា សេង​ថា អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរសញ្ជាតិ​អូស្ត្រាលី រស់នៅ​ប្រទេស​អូស្ត្រាលី​។

តាមការរៀបរាប់របស់បុរសជាប្ដី បានឲ្យដឹងថា គាត់ និងប្រពន្ធ បានស្គាល់គ្នារយៈពេលបីខែរួចមកហើយ។ រហូតមកដល់ខែវិច្ឆិកា ២០១៨ ប្រពន្ធរបស់គាត់ ក៏មកលេងស្រុកខ្មែរ ហើយពួកគេទាំងពីរនាក់ មានទំនាក់ទំនងស្នេហា ក៏បានភ្ជាប់ពាក្យជាមួយគ្នា ដោយមានចាស់ទុំឪពុកម្ដាយទាំងសងខាងដឹងឮ។ ដោយពេលនោះ ប្រពន្ធរបស់គាត់ទាមទារថ្លៃបណ្ដាការចំនួន ៥៧.០០០ដុល្លារ ហើយព្រមព្រៀងដាក់លុយនោះ ចូលទៅក្នុងកុងធនាគាររួមគ្នា ដោយដាក់ឈ្មោះទាំងពីរនាក់ ដើម្បីទុករកស៊ី និងរត់ការ នាំគាត់ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីរៀបការរួចនឹងចុះអ៊ីតាស៊ីវិលត្រឹមត្រូវ។

បុរសជាប្ដីបានបន្តទៀតថា រហូតមកដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៨ ប្រពន្ធ របស់គាត់ក៏វិលត្រឡប់មកស្រុកខ្មែរវិញ ដើម្បីត្រៀមចូលរោងការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៩។ ពេលនាងមកដល់ គាត់ក៏បានទៅទទួលនាង នៅឯអាកាសយានដ្ឋាន​ភ្នំពេញ​អន្តរ​ជាតិ​ភ្នំពេញ ដើម្បីនាំនាងមកស្នាក់នៅផ្ទះរបស់ខ្លួន។ តែប្រពន្ធរបស់គាត់ មិនព្រមមកស្នាក់នៅផ្ទះរបស់គាត់នោះទេ ដោយនាងនិយាយថា ចាំពេលរៀបការរួច ទើបមកស្នាក់នៅផ្ទះជាមួយគាត់។

បុរសអភ័ព្វស្នេហ៍រូបនោះ បាននិយាយទៀតថា បន្ទាប់ពីរៀបការរួចហើយ អ្វីដែល​នឹក​មិន​ស្មាន​ដល់ កូនស្រីរួមជាមួយ​ក្រុមគ្រួសារ វេចបង្វេចទៅស្រុកអូស្រ្តាលីវិញ ។ ភាគីខាងស្រី បានមកស្នាក់​នៅសណ្ឋាគារតារា​អ៊ែរ​ផត ចំណាយ​ទាំង​ស្នាក់នៅនិង​ហូបចុក គា​គី​ក្រុមគ្រួសារ​ខាង​ប្រុស​ជា​អ្នកចេញ​ឲ្យ​ទាំងអស់ តាំងពីមិនទាន់រៀបការ រហូតដល់ថ្ងៃរៀបការហើយ។ ទោះជាភាគីខាងប្រុស ​សុំ​អញ្ជើញ​ភាគី​កូនស្រី​ និង​ក្រុមគ្រួសារ ទៅ​ដេក​ស្នាក់​នៅផ្ទះ​ខាង​កូនប្រុស ក៏​មិន​ព្រម​ដែរ រហូតដល់​ថ្ងៃ​ចូល​រោងការ រួចរាល់​ថ្ងៃកូនស្រី​នៅតែមិន​ព្រម​ចូលខ្លួន​រួមដំណេក​ជាមួយ​ស្វាមី​​ដែរ ក្នុង​ហេតុផលមិន​ស្រួលខ្លួន សុំ​នៅ​ដេក​ម្នាក់ឯង នៅ​សណ្ឋាគារ​បន្តទៀត។ ប្តី ខំ​តែ​ជឿទុកចិត្ត ប្រពន្ធ បានអនុញាត​ឲ្យ​ស្នាក់នៅ​៣​ថ្ងៃ ដល់​គ្រប់​កំណត់​ហើយ នៅតែ​មិន​ព្រម​ចេញមក​ផ្ទះ​ខាង​ប្តីទៀត។ លុះ​សាកសួរបន្ត​ប្រាប់ថា មិនទាន់​ស្រួលខ្លួន​ដដែល រហូត​អូស​បន្លាយពេល​៥​ថ្ងៃ​ទៅហើយ ទៅ​សាកសួរទៀត នាងប្រពន្ធ​ចេះតែ​និយាយដោះសារថាមិន​ស្រួលខ្លួន​មិន​យល់ព្រម​រួមដំណេក ហើយ​លុយ​បណ្តា​ការ ដាក់​តម្កល់​ក្នុង​ធនាគារ ក៏ត្រូវ​បានកូនស្រី​លួច​ដកយក ស៊ី​ចាយអស់​ទៀត ហើយនាង បានទៅស្នាក់នៅសណ្ឋាគារនាងហាក់ដូចជា ធ្វើព្រងើយកន្តើយចំពោះប្តី មិនរវីរវល់ដូចមុនឡើយ។

លោកបាននិយាយថា បន្ទាប់ពីសាកសួរ នាងបានឆ្លើយសារភាពថា លុយបណ្តាការចំនួន៥៧.០០០ដុល្លារ ដកយកអស់ហើយ។ ពេលលោកសួរនាំ ទើបនាងនិយាយថា លុយនោះម្ដាយរបស់នាង បានដកយកទៅចាត់ចែង ​សង​គេ​អស់ហើយ​។

រហូតមកដល់ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ ទើបគាត់ទទួលដំណឹងថា ប្រពន្ធរបស់គាត់មានបំណង់ ចង់ត្រឡប់ទៅ​អូស្ត្រាលី​វិញស្ងាត់ៗ ដោយមិនឲ្យគាត់ដឹង ទើបគាត់សម្រេចចិត្ត ទៅដាក់ពាក្យបណ្ដឹង នៅ​សាលាសង្កាត់​កា​កាប​១ ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍ និងចាប់ខ្លួននាងប្រពន្ធនិងក្រុមគ្រួសារ មកសាកសួរ ដោយបញ្ចប់រឿងភាគីទាំងពីរបានព្រមព្រៀងគ្នា ខាងស្រី បានប្រគល់លុយប្រមាណ ២៨.០០០ដុល្លារ ទៅឲ្យភាគីខាងប្តីវិញ៕

អត្ថបទដែលជាប់ទាក់ទង