ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អប់រំចិត្តសាស្ត្រ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីឱ្យកម្លាំងអាវុធហត្ថទូទាំងប្រទេស គោរពច្បាប់ គោរពវិន័យ

153


ស្វាយរៀង៖ នៅបញ្ជាកដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃពុធ២ ទី៩ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាម អប់រំចិត្តសាស្រ្ត ដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។

លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានអានមតិស្វាគមន៍ ធ្វើសេចក្តីរាយការណ៍សង្ខេប និងថ្លែងអំណរគុណចំពោះវត្តមាន របស់លោក ឧត្តមសេនីយ៍ ដែលបានអញ្ជើញចុះមកធ្វើបទឧទ្ទេសនាមស្តីពីការងារអប់រំនយោបាយ-ចិត្តសាស្រ្ត ដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានមានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យរូបលោកមកធ្វើការងារអប់រំចិត្តសាស្ត្រដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង គឺដើម្បីឱ្យកម្លាំងអាវុធហត្ថទូទាំងប្រទេស គោរពច្បាប់ គោរពវិន័យ អនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ពិសេសគោរព ការពារដ្ឋធម្មនុញ្ញ និងដើម្បីពង្រឹងជំហរសតិអារម្មណ៍ មានទស្សនៈជាតិនិយម យល់ដឹងអំពីប្រវត្តិប្រទេសជាតិ ប្រវត្តិកងរាជអាវុធហត្ថ ប្រពៃណី និងវីរភាពនៃអង្គភាព និងមានចំណេះដឹងពិតប្រាកដក្នុងការអនុវត្តតួនាទីភារកិច្ច ។

លោកឧត្តមសេនីយ៍ ក៏បានលើកឡើងអំពី សភាពការណ៍ជាតិ អន្តរជាតិ ស្មារតីស្នេហាជាតិ ស្មារតីចូលរួមកសាងអង្គភាព ចេះស្រឡាញ់ប្រជាជន បម្រើប្រជាជន ជួយប្រជាជនដោយស្មោះ និងមានទំនាក់ទំនងល្អជាមួយមហាជន ព្រមទាំងធ្វើជាគំរូ ក្នុងការអនុវត្តតួនាទីភារកិច្ច ពិសេសត្រូវចូលរួមគោរពច្បាប់ចរាចឱ្យបានគ្រប់ៗគ្នា ។ ក្នុងនោះដែរ លោកឧត្តមសនីយ៍ បានបន្ថែមថា អាវុធហត្ថត្រូវតែរៀនអំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ព្រោះវាបានតភ្ជាប់ពីអតីតកាល មកដល់បច្ចុប្បន្ន ។

លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីរូបភាពបដិវត្តន៍ពណ៌ ដែលត្រូវបានគេបញ្ឆេះឡើង នៅប្រទេសជាច្រើន តារយៈបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ដែលកំពុងកើតមានសង្គ្រាមបង្ហូរឈាមគ្នា ធ្វើឱ្យបាក់បែកជាតិសាសន៍ និងបង្កើតឱ្យមានភេរវកម្ម បណ្តាលឱ្យប្រជាជនស្លូតត្រង់ស្លាប់រាប់ម៉ឺននាក់។

ចុងបញ្ចប់លោក ឧត្តមសេនីយ៍ អេង ហ៊ី ក៏បានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ត្រូវធ្វើការដោយគោរពច្បាប់ ការពារច្បាប់ និងមិនត្រូវធ្វើអ្វីដោយខុសច្បាប់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង