វាយប្លន់ថៅកែរបស់ខ្លួនយកលុយ១០ម៉ឺនដុល្លារ
ភ្នំពេញ ៖ ថៅកែជាជនជាតិចិនម្នាក់ ត្រូវអ្នកបើករថយន្តរបស់ខ្លួនវាយប្លន់យកលុយអស់ ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ខណៈបើករថយន្តមកដល់កន្លែងស្ងាត់ កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញឃើញបុរស២នាក់ ជិះរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AW-1763 មកដល់ចំណុចផ្លូវលំស្ងាត់ក្នុងភូមិសំរោង ដោយមានផ្លូវជង្ហុកផងនោះ អ្នកបើករថយន្តដឹកចៅហ្វាយ ទាញចង្កូតធ្វើឲ្យរថយន្តរៀបនឹងធ្លាក់ចូលស្រែ បណ្តាលឱ្យចៅហ្វាយរបស់ខ្លួន បាត់ស្មារតីមួយភ្លែត ។ ភ្លាមនោះអ្នកបើកបរថយន្តក៏ឆ្លៀតឱកាសទាញយកកាបូបលុយរបស់ចៅហ្វាយជាជនជាតិចិន និងដាល់មួយដៃទៀត បណ្តាលឲ្យសន្លប់បាត់ស្មារតី រួចស្ពាយយកកាបូបលុយគេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះជាថៅកែបាន ភ្ញាក់ដឹងខ្លួន ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវចាប់កូនចៅរបស់ខ្លួន យកលុយប្រគល់ឱ្យរូបគាត់វិញ ៕