លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ចំនួនពីរ
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភាជាតិ នៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ដោយមានការ ចូលរួមពីសំណាក់ ប្រធានគណៈកម្មការជំនាញ ព្រឹទ្ធសភាទាំង១០។
លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ឲ្យដឹងថា របៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាថ្ងៃនេះរួមមាន៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ សុំដាក់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។ ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី៦ សុំដាក់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
លោកបានបន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បន្តសម័យ ប្រជុំលើកទី២ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា៕