រដ្ឋបាលរាជធានី គ្រោងរំកិលប្តូរទីតាំង រូបសំណាក់នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវបន្ថែម
ភ្នំពេញ៖ ដោយមើលឃើញពីបញ្ហា កកស្ទះចរាចរណ៍ ចំពោះអ្នកដំណើរ លើផ្លូវទេពផន ឡើងទៅមហាវិថីព្រះមុន្នីរេត (ពីផ្លូវទេពផន បត់ស្តាំ) មានភាពចង្អៀត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសិក្សាឡើងវិញ សម្រេចរំកិលប្តូរទីតាំង រូបសំណាក់នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវបន្ថែម សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យ លើទីតាំង និងសិក្សាពីលទ្ធភាព លើការងារ រំកិល រូបសំណាក់នាងគង្ហីង ស្តុបនាងគង្ហីង ដែលនៅក្បែរស្ពានឆ្លងថ្មើរជើង Olympia City ដើម្បីកែលម្អ ប្រព័ន្ធចរាចរឡើងវិញ ឲ្យដំណើរការរលូន និងអាចបញ្ជៀស ការកកស្ទះចរាចណ៍ សម្រាប់អ្នកដំណើរផងដែរ ។
ពាក់ព័ន្ធនឹងការរំកិលរូបសំណាក់ នាងគង្ហីង ស្តុបនាងគង្ហីង ឲ្យបានល្អប្រសើរជាងមុននេះ តាមការណែនាំរបស់ លោកអភិបាលរាជធានីភ្នំពេញនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ឲ្យដឹងថា ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាកនាងគង្ហីង នឹងមានការលើកកម្ពស់ ពី៥,៥ម៉ែត្រ ឡើងដល់៧,៥ម៉ែត្រ ។
លោកប្រធានមន្ទីរ បានបន្តថា បន្ទាប់ពីមានការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ ក៏បានចុះពិនិត្យទីតាំងថ្មី ដែលត្រូវរំកិល រូបសំណាក់នាងគង្ហីង ហើយនោះ លោក ឃួង ស្រេង បានពិនិត្យ ទៅលើស្ពានឆ្លងថ្មើរជើង Olympia City ដែលជិតបញ្ចប់ការសាងសង និងពិនិត្យចំពោះប្រព័ន្ធចរាចរណ៍ ផ្លូវឆ្លងកាត់ និងចេញចូល ទៅកាន់ផ្សារទំនើប Olympia City ផងដែរ ។
បន្ថែមពីនេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នឹងមានការដំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឲ្យមានលក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាពងងឹត៕