អាយុ១១ឆ្នាំ ក្លាយជាឃាតករ ធាក់កូនប្រុសអាយុ២ឆ្នាំ ចូលទឹកស្ទឹង លង់ស្លាប់
កំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់មានអាយុ២ឆ្នាំ បានលង់ទឹកស្លាប់ ចំណែកឯឃាតករជាក្មេងប្រុសម្នាក់អាយុ១១ឆ្នាំ បានជិះកង់ឌុបក្មេងរងគ្រោះ ទៅមាត់ស្ទឹង ហើយធាក់ទម្លាកទឹក បណ្តាលឱ្យលង់ទឹកស្លាប់ ដោយសារតែម្តាយរបស់ក្មេងរូបនោះ ធ្លាប់វាយនាពេលកន្លងមក ទើបកើតជាគំនុំគុំកួន សម្លាប់កូនដើម្បីសងសឹក។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅមាត់ស្ទឹងក្តុល ចំណុចអូរដំណាក់ទ្រព្យ។
យោងតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី៩ ខែមករា មានព័ត៌មានបាត់ក្មេងប្រុសម្នាក់ឈ្មោះ រិន សារ៉ុង អាយុ២ឆ្នាំ រស់នៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមការស្រាវជ្រាវ នៅម៉ោង៩និង៣០នាទី ប្រជាពលរដ្ឋបានឃើញឈ្មោះ ប៊ុន សុធារិទ្ធ ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ជិះកង់ឌុប (ដាក់ក្នុងកន្ត្រកកង់) ឈ្មោះ រិន សារ៉ុង ជិះសំដៅមកស្ទឹងក្តុល ត្រង់ចំណុចអូរដំណាក់ទ្រព្យ។
លុះម៉ោង១២និង៣០នាទី សមត្ថកិច្ចបាននាំខ្លួនឈ្មោះប៊ុន សុធារិទ្ធ រួមនិងម្តាយមីង ឪពុក ចំពោះមុខសមត្ថកិច្ចនិង អាណាព្យាបាល ឈ្មោះ ប៊ុន សុធារិទ្ធ បានឆ្លើយសារភាពថា ម៉ោង៩ ខ្លួនជិះកង់ចេញពីសាលារៀន សំដៅទៅផ្ទះភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ លើផ្លូវធ្វើដំណើរ គេបានឃើញឈ្មោះ រិន សារ៉ុង ដើរម្នាក់ឯង គ្មានសំលៀកបំពាក់ គេបានហៅ និងចាប់លើកឈ្មោះ រិន សារ៉ុង ដាក់ក្នុងកន្ត្រក់កង់ រួចជិះសំដៅមកស្ទឹងក្តុល លើកឈ្មោះរិន សារ៉ុង ចេញពីកន្ត្រក់កង់ ដាក់លើច្រាំងស្ទឹង និងធាក់ចូលក្នុងស្ទឹង ព្រោះមានកំហឹងពីមុនគ្រួសារបស់ឈ្មោះរិន សារ៉ុង ធ្លាប់វាយខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនសង្ស័យ បានឱ្យឪពុកធ្វើលិខិតធានា យកទៅផ្ទះវិញ ៕