អំពាវនាវដល់ពលរដ្ឋឲ្យចូលរួមបោះឆ្នោតជូនលោកស្រី កែ ឡេង សម្រាប់ពាន ពានរង្វាន់កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨
ភ្នំពេញ៖ ក្រសួងអប់រំបានអំពាវនាវដល់សាធារណជន មេត្តាចូលរួមបោះឆ្នោតជូនលោកស្រី កែ ឡេង សម្រាប់ ពានរង្វាន់កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨។ សហព័ន្ធកីឡាប៊ូលនិងប៉េតង់អន្តរជាតិ បានសម្រេចជ្រើសរើសអ្នកស្រី កែ ឡេង កីឡាការិនីកម្ពុជា ឲ្យតំណាងសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ដើម្បីចូលរួម ការប្រកួតដណ្តើមពានរង្វាន់កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើយដោយសមាគមអន្តរជាតិកីឡាពិភពលោក ដោយសារអ្នកស្រីធ្លាប់ទទួលបានពានរង្វាន់ពិភពលោកចំនួន៣ដងជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុ។
ក្នុងឆ្នាំ២០១៨ បេក្ខជនចូលរួមចំនួន២៥នាក់ មកពីសហព័ន្ធកីឡាអន្តរជាតិផ្សេងៗគ្នា ដែលជាកីឡាមិនមែនកម្មវិធីអូឡាំពិក។ ក្នុងការប្រកួតជុំទី១ បេក្ខជននឹងត្រូវជម្រុះ១៥នាក់ ទុកតែ១០នាក់ ដើម្បីបន្តទៅជុំបន្ទាប់។ ការជម្រុះនេះ នឹងកំណត់តាមលំដាប់ចំនួនអ្នកបោះឆ្នោតគាំទ្របេក្ខភាពនីមួយៗ តាមអនឡាញ។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ដើម្បីគាំទ្របេក្ខភាពលោកស្រី កែ ឡេង ឲ្យឆ្លងផុតការជម្រុះជុំទី១ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨ សូមចូលតាមតំណរភ្ជាប់ដូចតទៅ៖ ទី១. ចូលទៅកាន់៖ http://www.theworldgames.org , ទី២. ចុចលើពាក្យ picture “Athelete of the year 2018” និងទី៣. ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើពាក្យ registration ជាការស្រេច។
ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដែលជាជុំទី១ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដែលជាជុំបញ្ចប់។
សូមជំរាបថា សមាគមកីឡាអន្តរជាតិ (IWGA) ដែលមានទីស្នាក់ការនៅប្រទេសស្វីស បានរៀបចំការបោះឆ្នោតតាម Online សម្រាប់ពានរង្វាន់ នារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨។ វីរកីឡាការិនីប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារី តំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។
កម្មវិធីបានតម្រូវឲ្យអ្នកគាំទ្រ ចូលរួមបោះឆ្នោតដោយផ្ទាល់ តាមរយៈការចុច Vote លើឈ្មោះអត្តពលិក ហើយបំពេញឈ្មោះ និង E-mail ផងដែរទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យលោកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។
លោកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជាតែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ឆ្នាំ២០១៨នេះ លោកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ។
ចំណែកលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានប្រកាសសូមគាំទ្របេក្ខភាពអ្នកស្រី កែ ឡេង ឆ្លងផុតការជម្រុះជុំទី១ ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់កីឡាការិនីឆ្នើម ពិភពលោក ប្រចាំឆ្នាំ២០១៨ ។ ១.សូមចូលទៅកាន់ ៖ http://bit.ly/2QzVpD9 ។ ២.ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើ registration ជាការស្រេច។ បញ្ជាក់ ៖ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់ ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ (ជុំទី១) និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩(បញ្ចប់ជុំ)។
ព័ត៌មានលម្អិតអំពីរបៀបបោះឆ្នោតគាំទ្រនេះ សូមទស្សនាវីដេអូខាងក្រោម៖