ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុក្រឹត្យកំណត់យក បឹងលំកុដ នៅខេត្តរតនគិរីធ្វើជា តំបន់ការពារទេសភាព

101


ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ​ស្តីពី​ ការបង្កើតតំបន់ការពារទេសភាព​ បឹងលំកុដ​ ដែលមានទំហំផ្ទៃដី​ ១១០,៩១​ ហិកតា​ ដែលស្ថិតក្នុងភូមិសាស្រ្ត​ ឃុំសេដា​ ស្រុកលំផាត់​ ខេត្ត​រតនគិរី។

លោកនេត្រ ភក្ត្រារដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩ នេះថា បឹងលំកុដជាបឹងធម្មជាតិដែលសម្បូរដោយធនធានធម្មជាតិមានព្រៃឈើ សត្វព្រៃ និងទេសភាពល្អស្អាត និងប្រព័ន្ធអេកូឡូស៊ីសម្បូរបែបផ្សេងទៀត ហើយបច្ចុប្បន្ននេះ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ទៅកម្សាន្តនៅទីនោះ ហេតុដូច្នេះហើយបានជាក្រសួងបរិស្ថាន ស្នើសុំដាក់បឹងលំកុដនេះ ជាតំបន់ការពារទេសភាព។
ការដាក់បឹងលំកុដនេះ ជាតំបន់ការពារទេសភាព នឹងជួយការពារតំបន់នេះ ពីការរុករានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ពីក្រុមជនខិលខូច និងអាចការពារបាននូវធនធានធម្មជាតិនៅតំបន់នេះ និងផ្តល់ផលប្រយោជន៍ ផ្នែកអេកូទេសចរណ៍ដល់ប្រជាសហគមន៍ នៅជុំវិញតំបន់នោះ។ ក្រសួង នឹងធ្វើការបោះបង្គោល កំណត់ព្រំឱ្យបានច្បាស់លាស់ ព្រមទាំងរៀបចំផែនការការពារ និងអភិរក្សតំបន់បឹងលំកុដនេះ ដោយក្នុងនោះមានមន្ត្រីឧទ្យានុរក្សដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់នៅក្នុងតំនន់នោះ។ ក្រសួងក៏ពង្រឹងពីតួនាទីរបស់សហគមន៍ ដើម្បីចូលរួមការពារ និងអភិរក្សបឹងលំកុដនេះ ជាប្រយោជន៍សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាអនុក្រឹត្យដាក់បឹងលំកុដជាតំបន់ការពារទេសភាពនេះមាន គោលបំណង ទី១៖ ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សាព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ទី២៖ ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ទី៣៖ ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ទី៤៖ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរះមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ជាដើម។

បើតាមរដ្ឋលេខាធិការកករសួងបរិស្ថានរូបនេះ បច្ចុប្បន្នប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០កន្លែងមានផ្ទៃដីទំហំ ៧, ៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់នានា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង