ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំទួល​ពង្រ​ ស្រុកម៉ាឡៃ​ នៅសល់ផ្ទៃដីចំការមីន​ ជាង២០០ទីតាំង​

94


បន្ទាយមានជ័យ​៖​ឃុំទួល​ពង្រ​ ស្រុកម៉ាឡៃ​ មាននៅសល់ផ្ទៃដីចំការមីន​ ជាង២០០ទីតាំង​ ដែលមានទំហំជាង២.៥០០ហិចតា​ មានអត្រាគ្រោះថ្នាក់ ក្លាយជាជនពិការជាង៥០០នាក់។ លោក​នាយឧត្តមសេនីយ៍​ មាស​ សុភា បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំទួលពង្រ ត្រូវមានការប្រុងប្រយ័ត្ន ។

ថ្ងៃសុក្រ​ ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៩​ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ និងថ្នាក់​ដឹកនាំ​ស៊ីម៉ាក់ ​បានទទួល​ស្វាគមន៍ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយឧត្តមសេនីយ៍​ មាស​ សុភា​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ច​ការ​មីន​ គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ និង​ការងារ​វិស្វកម្ម​កងយោធពលខេមរភូមិន្ទ​ ដែលស្ថិតនៅ​ភូមិ​ខ្លាងាប់​ ឃុំទួល​ពង្រ​ ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​។

ក្នុងឱកាស​នេះ​ លោក​នាយឧត្តមសេនីយ៍​ទេសរដ្ឋមន្រ្តី​ បានកោតសរសើរ​ដល់កម្លាំងបោស​សំអាតមីន​របស់​ស៊ីម៉ាក់ ​ដែលបានលះបង់​អាយុ​ជីវិត​ និងសេចក្តីសុខ​ផ្ទាល់ខ្លួន ​នៅក្នុង​កិច្ចការបោស​សំអាតមីន​ ដើម្បីរំដោះផ្ទៃដី​ ដែលរងផលប៉ះពាល់​ដោយសារគ្រាប់មីន​និងសំណល់ជាតិផ្ទុះពី​សង្គ្រាម ​ដើម្បី​​​បុព្វហេតុ​ជាតិ​។

ឆ្លៀត​ក្នុង​ឱកាស​នេះដែរ​ លោក​នាយឧត្តមសេនីយ៍​ទេសរដ្ឋមន្រ្តី​ បានជួប​សំណេះសំណាល​ ជាមួយ​បងប្អូន​ជនពិការ ​ដោយសារគ្រាន់​មីន​ឬ​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​។ ក្នុងពិធី​សំណេះសំណាល​នេះដែរ​ លោក​នាយឧត្តមសេនីយ៍​ទេសរដ្ឋមន្រ្តី​ បានថ្លែង​អំណរគុណ​ដល់អង្គការ​ JMAS ដែលបាន​គាំទ្រ​​ផ្នែក​ហិរញ្ញវត្ថុ​ និង​គាំទ្រដល់ស៊ីម៉ាក់​ ដើម្បី​រំដោះ​ផ្ទៃដែលរងផលប៉ះពាល់​ ដោយសារគ្រាប់មីន​ និង​យុទ្ធ​ភណ្ឌ​មិនទាន់ផ្ទុះ ​​ដែលស្ថិត​នៅ​តំបន់​ភូមិ​សាស្រ្ត​ស្រុកម៉ាឡៃនេះ​។

សូមបញ្ជាក់ថា​ ឃុំទួលពង្រ​នេះ មាននៅសល់ផ្ទៃដីចំការមីន​ ជាង២០០ទីតាំង​ ដែលមានទំហំជាង២.៥០០ហិចតា​ មានអត្រាគ្រោះថ្នាក់ ក្លាយជាជនពិការជាង៥០០នាក់​ ឃុំពង្រនេះ នៅតែជាឃុំមានបញ្ហាមីនធ្ងន់ធ្ងរជាងគេ៕


អត្ថបទដែលជាប់ទាក់ទង