ខេត្តស្ទឹងត្រែង ក្នុង២០១៨ បង្ក្រាបគ្រឿងញៀនប្រមាណ២០០គីឡូក្រាមឃាត់ខ្លួនជនសង្ស័យចំនួន១១៤នាក់
ស្ទឹងត្រែង ៖ ក្នុងការបង្ក្រាបគ្រឿងញៀនក្នុងខេត្តស្ទឹងត្រែង ចំនួន៥៦ករណី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១១៤នាក់ (ស្រី៨នាក់) ក្នុងនោះមានជនជាតិខ្មែរ១០៧នាក់(ស្រី៨នាក់) ជនជាតិឡាវ៥នាក់ និងជនជាតិវៀតណាម២នាក់ និង និងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)បានទម្ងន់១៦៤.០៧៤,៣៨ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY)ចំនួន១១.៩៩៥គ្រាប់ ថ្នាំញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់២២.៨៥៧,៨២ក្រាម ព្រមទាំងបានរឹបអូសទ្រព្យសម្បត្តិមួយចំនួនធំពីការបង្ក្រាបគ្រឿងញៀននេះផងដែរ។
ការបង្ហាញរបាយការណ៍នេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកាលពីថ្ងៃទី៩ ខែមករា កន្លងទៅ ២០១៩ ក្នុងពិធីត្រួតពិនិត្យឯកសារវត្ថុតាងគ្រឿងញៀន ដែលអនុវត្តសម្រេចបានជាលទ្ធផលនៅឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០១៩ ។
ស្នងការរងនគរបាលខេត្ត លោក សាន និមល ទទួលផែនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ហាញរបាយការណ៍ក្នុងអង្គប្រជុំដោយលើកឡើងថា កន្លងមកនេះគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្ត បាន ចូលរួមសហការបង្ក្រាបករណីជួញដូរដោយនិងប្រើប្រាស់សារធាតុញៀនសរុបចំនួន៥៦ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ១១៤នាក់ (ស្រី៨នាក់) ក្នុងនោះមានជនជាតិខ្មែរ១០៧នាក់(ស្រី៨នាក់) ជនជាតិឡាវ៥នាក់ និងជនជាតិវៀតណាម២នាក់ ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងនិងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួចរាល់ បន្ទាប់បញ្ចប់នីតិវិធីនៅស្នងការដ្ឋាន ។
លោកស្នងការរូបនេះបន្ថែមថា ក្នុងករណីបង្ក្រាបគ្រឿងញៀនកំឡុងឆ្នាំ២០១៨កន្លងមក សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបនិងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)បានទម្ងន់១៦៤.០៧៤,៣៨ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(WY)ចំនួន១១.៩៩៥គ្រាប់ ថ្នាំញៀនប្រភេទកេតាមីន(Ketamine) ទម្ងន់
២២.៨៥៧,៨២ក្រាម ព្រមទាំងបានរឹបអូសទ្រព្យសម្បត្តិមួយចំនួនធំពីការបង្ក្រាបគ្រឿងញៀន នេះផងដែរ ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខាងលើលោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿង ញៀនខេត្ត បានថ្លែងកោតសរសើរចំពោះការចូលរួមសហការ និងការខិតខំប្រឹងប្រែងរបស់កងកម្លាំង លើការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងទទួលបានលទ្ធផលល្អ ។ ពិសេសបានយកចិត្តទុកដាក់សហការគ្នាផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា ឲ្យមានការយល់ដឹងពីគ្រោះ ថ្នាក់នៃគ្រឿងញៀន ។
លោកអភិបាលរងខេត្តលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហាសកល និងជាឧក្រិដ្ឋកម្មឆ្លងដែន ដែលអាចបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ គ្រួសារសហគមន៍ និងសង្គមជាតិដែរ ។ ទោះបីខេត្តស្ទឹងត្រែងមិនមែនជាមូលដ្ឋានផលិតគ្រឿងញៀនក្តី តែខេត្តស្ទឹងត្រែងជាខេត្តដែលរងគ្រោះដោយឧក្រិដ្ឋជននាំសារធាតុញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាស មកតាមព្រំដែនឡាវ ហើយបញ្ហានេះអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីទប់ស្កាត់និងបង្ក្រាបឲ្យខាងតែបាន ៕