ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងសាងសង់ស្ពាន ឆ្លងទន្លេល្ពៅតភ្ជាប់កម្ពុជា-ឡាវ នឹងធ្វើឱ្យខេត្តព្រះវិហារ ក្លាយជាសរសៃឈាមសេដ្ឋកិច្ច បម្រើឱ្យវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍

109

ព្រះវិហារ៖ ស្របពេលដែលនៅទូទាំងប្រទេសកម្ពុជា មានការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់ខេត្តព្រះវិហារ ដែលជាខេត្តដាច់ស្រយាលមួយ ក៏កំពុងប្រឹងប្រែងប្រែមុខមាត់ ជាបន្តបន្ទាប់ផងដែរ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ខ្វាត់ខ្វែង អាគារខ្ពស់ៗ ។ បន្ថែមលើនេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេ ឆ្លងប្រទេស ក៏បានសិក្សារួចហើយដែរ នោះគឺ ស្ពានតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ច បម្រើឱ្យវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាមួយការវិនិយោគ របស់ក្រុមហ៊ុនចិន ហុងកុង លើទឹកប្រាក់ប្រមាណ៤០០០លានដុល្លារ ។

អាជ្ញាធរខេត្តព្រះវិហារ បានឱ្យដឹងថា ខេត្តព្រះវិហារ បាននិងកំពុងរីកចម្រើន ទាំងមានផ្លូវថ្នល់ ការតុបតែង កែលំអរសួនច្បារ និងវិស័យផ្សេងៗ ក៏ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ។ ជាមួយគ្នានេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេល្ពៅ ដែលជាដែនខណ្ឌចែករវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសឡាវ ក៏ត្រូវបានសិក្សា និងរៀបចំទីតាំងសម្រាប់សាងសង់ផងដែរ ។ ជាការពិតប្រសិនបើស្ពាននេះ លេចជារូបរាង្គ ស្ពាននេះនឹងធ្វើឱ្យខេត្តព្រះវិហារ កាន់តែប្រមុខមាត់ថ្មីបន្ថែមទៀត តាមរយៈការផ្លាស់ប្ដូរទំនាក់ទំនង រវាងប្រទេស និងប្រទេស ការវិនិយោគ ការផ្លាស់ប្ដូរទំនិញ ទេសចរណ៍ ពិសេសប្រយោជន៍ដល់ប្រជាពលរដ្ឋជាធំតែម្ដង។

លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា គម្រោងសាងសង់ស្ពាននេះ អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរខាងខេត្តចំប៉ាសាក់ ប្រទេសឡាវ បានសិក្សារួចហើយ រួចទាំងទីតាំង ហើយវានឹងផ្ដល់ប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋ នៅពេលមានស្ពានឆ្លងប្រទេសនេះ មួយទៀត។

ស្ពានឆ្លងទន្លេ ឆ្លងប្រទេសនេះ គឺជាគម្រោងស្ពានបេតុង ដែលស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ខេត្តចំប៉ាសាក់ ប្រទេសឡាវ ហើយគម្រោងនេះ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ខេត្តព្រះវិហារបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោក សំ លាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងដែរថា ស្ពានទន្លេល្ពៅ ដែលគ្រោងសាងសង់នេះ មានប្រវែងប្រមាណជាង១០០ ម៉ែត្រ ទទឹងជាង១០ម៉ែត្រ គ្រោងចំណាយប្រមាណ២លានដុល្លារអាមេរិក

ជាមួយនឹងការសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែងប្រមាណ៧៥គីឡូម៉ែត្រ ទៅគល់ស្ពាននេះផងដែរ។ ជាងនេះទៅទៀតតំបន់នេះ ក៏នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ បម្រើឱ្យវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងពិសេស ទេសចរណ៍ ជាមួយការវិនិយោគរបស់ក្រុមហ៊ុនចិន ហុងកុង លើទឹកប្រាក់ប្រមាណ៤០០០លានដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង