ប្រឡងជ្រើសរើសនាយទាហានសកម្មជំនាន់ទី២៣ មានបេក្ខជនចូលរួមប្រឡងជាង៨ពាន់នាក់
ភ្នំពេញៈ ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដែលមានចំនួន ៦មណ្ឌល គឺនៅមណ្ឌលរាជធានីភ្នំពេញ យោធភូមិភាគ ទី១ ទី២ ទី៣ ទី៤ និងទី៥ ដោយផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។
បើតាមផេកហ្វេសប៊ុកផ្លូវការ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សម័យប្រឡងនាយទាហានសកម្មជំនាន់ទី២៣ នាយទាហានទ័ពជើងគោកជំនាន់ទី១១ នាយទាហានបន្តវេនជំនាន់ទី១២ និងនាយទាហានជំនាញបច្ចេកទេស នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅវិទ្យាល័យ និងបឋមសិក្សា បាក់ទូក។ បេក្ខជនចូលរួមប្រកួតប្រជែងឆ្នាំនេះ កើនឡើងប្រមាណជាង ៨.៣០០នាក់។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ បានបញ្ជាក់ថា ការជ្រើស រើសនាយទាហាននេះ គឺជ្រើសរើសនាយទាហានដែលមានសមត្ថភាពពិតប្រាកដ តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគ្មានការអន្តរាគមន៍។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ នេះ មានការកើនឡើងបើប្រៀបធៀបទៅនិងឆ្នាំ២០១៨ កន្លងមក ហើយការកើនឡើងនេះ បានកើនឡើងនៅតាមបណ្តាយោធភូមិភាគ។ នេះដោយសារការមើលឃើញនៃការជ្រើសរើសនាយទាហាននៃកងយោពលខេមរភូមិន្ទបណ្ដាឆ្នាំមុនៗកន្លងមកមានភាពសុក្រឹត យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព។
លោកបានបញ្ជាក់ថា “ភារកិច្ចចម្បងរបស់យើងនៅក្នុងការជ្រើសរើសនាយទាហាននេះ គឺយើងជ្រើសរើសនាយទាហានដែលមានសមត្ថភាពពិតប្រាកដ ទៅតាមវិធានការ វិធីសាស្រ្តតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌។ នេះគឺជាគោលដៅធំដែលថ្នាក់ដឹកនាំប្រគល់ឲ្យ។ សង្ឃឹមថាគណៈកម្មការនឹងទទួលបានជោគជ័យបន្ថែមទៀតដោយសិក្សាអំពីចំណុចខ្វះខាតពីឆ្នាំកន្លងទៅ ហើយត្រូវធ្វើផែនការឲ្យច្បាស់លាស់ទាំងនិតិវិធី សម្ភារៈ ពេលវេលា សំដៅយកសុក្រិតភាព និងប្រសិទ្ធភាព។ ការជ្រើរើសបេក្ខជនឲ្យចូលបម្រើកងទ័ពតាមរយៈគណៈកម្មការប្រលងជ្រើសរើសនាយទាហាននេះ ធ្វើយ៉ាងណាយើងរើសឲ្យបានសុក្រឹត រើសឲ្យបានត្រឹមត្រូវ។ និយាយរួមគឺមានតែគោលការណ៍មួយគត់ ឲ្យអ្នកជាប់ ជាប់ដោយសមត្ថភាព និងមានមោទនភាព អ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត៕