ឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹងរបស់ជនរងគ្រោះ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ
កណ្តាល ៖នគរបាល ស្រុកស្អាង បានឲ្យដឹងថា សមត្ថកិច្ចនគរបាល ឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹងរបស់ជនរងគ្រោះ ស្ដីពីករណីធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដែលករណីនេះកើតហេតុនៅថ្ងៃពុធ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨វេលា
ម៉ោង១•៣០នាទី នៅចំណុចលផ្ទះឈ្មោះអ៊ូច នី និងផ្ទះឈ្មោះសុខ ឡាង ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះមាន២នាក់ៈ ១-ឈ្មោះ អ៊ូច នី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ២-ឈ្មោះ សុខ ឡាង ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ អ្នកទាំងពីរ មានទីលំនៅភូមិ ខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជាមួយគ្នា ។
ជនសង្ស័យឈ្មោះគ្រឿន សូណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
សម្ភារៈខូចខាតរួមមាន៖ ខ្សែភ្លើងអង់តែនទូរទស្សន៍ និងដំបូលផ្ទះ(ក្បឿង)។ វត្ថុតាងចាប់យក មានកាំបិតចិតបន្លែ ដងធ្វើអំពីជ័រ ចំនួន ១។
នគរបាលបានបញ្ជាក់ពីរឿងហេតុនេះថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីយប់ ឈ្មោះគ្រឿន សូណា បានឡើងលើផ្ទះឈ្មោះសុខ ឡាង ហើយកាត់ខ្សែភ្លើង រុះរើអីវ៉ាន់ ខោអាវ រួចឡើងទៅលើដំបូលផ្ទះវាយក្បឿងបែក ហើយលោតឆ្លងទៅលើដំបូលផ្ទះឈ្មោះអ៊ូច នី កាច់បំបាក់អង់តែនទូរទស្សន៍ និងវាយបំបែកក្បឿងអស់មួយចំនួនទៀត ។ ពេលនោះជនរងគ្រោះបានប្ដឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ហើយបានធ្វើការឃាត់ខ្លួនជនសង្សយ័បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ។
លោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលបានអនុញ្ញាតឲ្យឃាត់ខ្លួនឈ្មោះគ្រឿន សូណា នៅថ្ងៃទី២៧ខែមិថុនា២០១៨ វេលាម៉ោង ៧និង៣០នាទី ។