ប្រកាសបញ្ចូលសមាជិកថ្មី ដែលជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន៤រូប ស្ម័គ្រចិត្តចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
កំពង់ចាម៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក គួច ចំរើន បានអញ្ជើញជាអធិបតីភាពក្នុងការប្រកាសបញ្ចូលសមាជិកថ្មីចំនួន៤រូប ដែលជាសកម្មជន និងសមាជិកអតីតគណបក្សសង្រ្គោះជាតិ។ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅស្នាក់ការបក្សប្រជាជនខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ក្នុងគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្តចំនួន៤រូប គឺលោកប្រធានគណបក្សស្រុកកំពង់សៀម លោកប្រធានគណបក្សស្រុកជើងព្រៃ រួមជាមួយនឹងលោកអនុប្រធានគណបក្សស្រុកចម្ការលើ និង លោក អ៊ុ ឈឿន សមាជិកក្រុមប្រឹក្សាខេត្ត អតីតសមាជិកសង្គ្រោះជាតិ។
សូមជម្រាបថា សមាជិកថ្មីចំនួន៤រូប របស់គណបក្សប្រជាជននាពេលនេះ រួមមាន១.លោក លី វណ្ណស៊ី អតីតសមាជិកក្រុមប្រឹក្សាសង្គ្រោះជាតិ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានទីលំនៅអចិន្ត្រៃយ៍ ក្នុងស្រុកកំពង់សៀម, ២.លោក រុន ណារិន អតីតសមាជិកក្រុមការងារថ្នាក់ខេត្តគណបក្សសង្គ្រោះជាតិ, ៣.លោក ហេង លឹមខេង អតីតសមាជិកថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម និងទី៤.លោក ជុំ ម៉េង អតីតសមាជិកយុវជនគណបក្សង្គ្រោះជាតិខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក គួច ចំរើន ដែលជាប្រធានបក្សខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងរាក់ទាក់ចំពោះបងប្អូនទាំង៤រូប ដែលបានភ្ញាក់រឭកស្ម័គ្រចិត្តចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នា លោកប្រធាន បានលើកឡើងអំពីប្រវត្តិ ស្នាដៃ និងសមិទ្ធផល មិនអាចកាត់ថ្លៃបាន ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងរយៈពេល៦៨ឆ្នាំកន្លងទៅ ជាពិសេសគឺមហាពលីកម្មប្រឆាំងអណានិគមបរទេសគ្រប់ជំនាន់ ការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ រំលត់ភ្លើងសង្គ្រាមនាំប្រទេសជាតិមកកាន់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចបច្ចុប្បន្ន និងនៅតែបន្តប្ដេជ្ញាចិត្តក្នុងការការពារសុខសន្តិភាពនៅកម្ពុជា ជារៀងរហូត ទោះត្រូវបង់ដោយតម្លៃណាក៏ដោយ។
លោកក៏បានផ្តាំផ្ញើដល់ប្រធានគណបក្សស្រុកទាំង៣ ដែលបងប្អូនមានលំនៅឋានរស់នៅ ឲ្យទទួលបងប្អូនបានរួមជីវភាពនយោបាយជាមួយផង៕