ស្ត្រីឆ្លងទន្លេតាមផ្លូវ ស្គាល់អត្តសញ្ញាណហើយ
ភ្នំពេញ ៖ ស្ត្រីដែលឆ្លងទន្លេតាមផ្លូវ កាលពីរំលងអធ្រាត្រឈានថ្ងៃទី១៣ ខែមករា ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត ឥឡូវបានស្គាល់អត្តសញ្ញាណហើយ ។ នៅព្រឹកថ្ងៃទី១៤មករានេះ មានសេចក្តីរាយការណ៍ថា ស្ត្រីដែលសម្រាល កូនតាមផ្លួវឈ្មោះ អ៊ុក ធារី អាយុ២៧ឆ្នាំ ស្រុកកំណើតនៅភូមិពង្រ ឃុំតព្រៃ ស្រុកបារាយ ខេត្តកំពង់ធំ ស្នាក់ផ្ទះជួលសង្កាត់បឹងកក់១ ខណ្ឌទួលគោក តែគេមិនឃើញមានប្តី ឬសាច់ញាតិរបស់ស្ត្រីម្នាក់នេះ មកជួយមើលថែនោះទេ ។
ស្ត្រីដែលឆ្លងទន្លេតាមផ្លូវនោះ បានទទួល អំណោយជាថវិកាពីសប្បុរសជនចំនួន១៤ម៉ឺនរៀល ។
គួររំលឹកថា កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែង និងផ្លូវ៥១៦ ជាប់ និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយមានស្ត្រីអាយុជាង៣០ឆ្នាំម្នាក់ បានឈឺពោះសម្រាលកូនស្រី នៅតាមដងផ្លូវហើយត្រូវបានអ្នកធ្វើដំណើរ នៅតាមដងផ្លូវ គឺមានស្រីស្អាតម្នាក់ឈ្មោះលីលី បានឃើញស្រ្តីរូបនោះឈឺពោះឆ្លងទន្លេ នាងក៏ជួយសម្រាលកូនបានដោយជោគជ័យ និងបានហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅមន្ទីរពេទ្យកាលម៉ែត ។
តាមការឲ្យដឹងពីសន្តិសុខម្នាក់ ដែលយាមនៅក្បែរកន្លែងកើតហេតុ បានឲ្យបានឲ្យដឹងថា ស្ត្រីដែលបានសម្រាលកូននៅតាមដងផ្លូវនោះ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាមានអាយុប្រមាណជាង៣០ឆ្នាំ ហើយមុនកើតហេតុរូបគាត់បានឃើញស្ត្រីខាងលើនេះធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ៥១៦ ក្នុងទិសដៅពីកើតទៅលិច មកឈប់អង្គុយនៅចំណុចកើតហេតុខាងលើ ហើយបានត្អូញត្អែរថា រូបគាត់ឈឺពោះណាស់ ខណៈនោះក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញហេតុការណ៍ក៏បាននាំមកជួយសសង្គ្រោះជាបឋមសិន រួចបានសម្រាលកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ ។ បន្ទាប់មករង់ចាំរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅសង្គ្រោះបន្តទៀត ។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍និងកោតសរសើរនោះ គឺមាននារីវ័យក្មេងរូបស្រស់ដូចតារាម្នាក់បានបើករថយន្តឡិចស៊ីស ៣៣០មួយគ្រឿង មកឈប់ជួយសង្គ្រោះដោយមិនខ្លាច និងរអើមនោះទេ ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនដែលបានមកឈប់មើលមានការកោតសរសើរទៅលើនារីវ័យរូបស្រស់នោះផងដែរ ។ បន្ទាប់មកប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចរថយន្តសង្គ្រោះបន្ទាន់ផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងហៅរថយន្តសង្គ្រោះបន្ទាន់គ្លីនិករស្មីបានមកជួយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែតបន្ត ដោយរថយន្តសង្គ្រោះមន្ទីរពេទ្យរស្មីមិនមានឧបករណ៍សង្គ្រោះគ្រប់គ្រាន់ ៕