ក្រសួងរៀបចំដែនដី និង អភិបាលខេត្តកោះកុង កោះហៅពលរដ្ឋក្នុងស្រុកស្រែអំបិល និងបុទុមសាគរ ចូលរួមក្នុងការវាស់វែង និងបែងចែកដី
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើប្រជាពលរដ្ឋដែលមានវិវាទជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង ក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd ចុះសហការតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកោះកុង ពិនិត្យទីតាំង ដើម្បីវា់ស់វែង និងធ្វើការបែងចែកឡូត៍ជូន។
ចំណែក អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានចេញសេចក្ដីជូនដំណឹងអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ដែលធ្លាប់មានទំនាស់ជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugur Industry Co.,Ltd សូមចូលរួមជាមួយក្រុមមន្ត្រីក្នុងការវាស់វែង និងបែងចែកដីធ្លី ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ តទៅ។
រដ្ឋបាលខេត្តសូមអញ្ជើញបងប្អូនក្រុមប្រជាពលរដ្ឋ ១៧០គ្រួសារ ដែលបានយល់ព្រមរួច បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តក្នុងចំណោមក្រុមប្រជាពលរដ្ឋ ៣១៧គ្រួសារ និងក្រុមប្រជាពលរដ្ឋ ៩៨គ្រួសារ អញ្ជើញចូលរួមនិងសហការជាមួយក្រុមការងារ ។ ជាមួយគ្នានេះរដ្ឋបាលខេត្តកោះកុងព្រមានថា ករណីប្រជាពលរដ្ឋមិនចូលរួម រដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ ។
ពលរដ្ឋជាង ៣០០ គ្រួសារ មកពីខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុនហ៊ុនស្គរអំពៅ បានឡើងមកតវ៉ានៅភ្នំពេញសារជាថ្មី ដើម្បីរកការអន្តរាគមន៍ ពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយពួកគាត់អះអាងថា ដំណោះស្រាយ មានភាពយឺតយ៉ាវ ។