ប្រកាសចាត់ការថានឹងកម្ទេចចំពោះក្រុមប្រឆាំង ប្រសិនបើសហគមន៍អឺរ៉ុប សម្រេចដាក់ទណ្ឌកម្មលើកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្បែងគំរាមដាក់ទណ្ឌកម្មអ៊ីចេះ ទណ្ឌកម្មអ៊ីចុះ ល្មមបញ្ចប់ហើយ ហើយសម្តេច ក៏ធ្លាប់ដឹកនាំប្រទេស ដោយគេហ៊ុមព័ទ្ធសេដ្ឋកិច្ចផងដែរ។ សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនចង់ធ្វើសត្រូវ ជាមួយប្រទេសណាមួយនោះទេ គឺចង់ធ្វើមិត្តភក្តិ ជាមួយប្រទេសទាំងអស់ នៅលើពិភពលោក តែមិនត្រូវយកប្រជាពលរដ្ឋកម្ពុជា ១៦លាននាក់ទៅធ្វើជាចំណាប់ខ្មាំងនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសចាត់ការថានឹងកម្ទេចចំពោះក្រុមប្រឆាំង ដែលជាអតីតថ្នាក់ដឹកនាំ សមាជិក សមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ប្រសិនបើសហគមន៍អឺរ៉ុប សម្រេចដាក់ទណ្ឌកម្មលើកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលជាគម្រប់ខួប៣៤ឆ្នាំ នៃការកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងការចាត់វិធានការ តបតទៅនឹងសហគមន៍អឺរ៉ុប ប្រសិនបើពួកគេសម្រេចដាក់ទណ្ឌកម្ម ដោយដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញកម្ពុជានោះ។
តែទោះជាយ៉ាងណាសម្តេចតេជោ នៅតែប្រកាសពីការបើកផ្លូវ នៅក្នុងការចរចាជាមួយសហគមន៍អឺរ៉ុប ទៅលើបញ្ហាទាំងឡាយ ដោយការជជែកគ្នា កែលម្អសភាពការណ៍នៅកម្ពុជា ឈរលើស្មារតីស្មើភាព និងគោរពឯករាជ អធិបតេយ្យភាពគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “បើចង់ឲ្យពួកប្រឆាំង ងាប់អាហ្នឹងកាត់ទៅ បើចង់ឲ្យពួកប្រឆាំងរស់អាហ្នឹងកុំធ្វើទៅ មកជជែកគ្នា ពិភាក្សាគ្នា កែលំអរសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាព លើការគោរពឯករាជ និងអធិបតេយ្យ។ អ៊ីចឹងគេរង់ចាំជំហានរបស់យើង យើងក៏រង់ចាំជំហានរបស់គេដើរដែរ ហើយសុំកុំយកកម្ពុជាធ្វើជាប្រធានបទ នៃការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតសភាអឺរ៉ុប។ សូមផ្តាំងទៅអ្នកតំណាងរាស្ត្រនៃសភាអឺរ៉ុប សូមកុំយករឿងកម្ពុជាធ្វើជាប្រធានសម្រាប់ការឃោសនា ដើម្បីការជាប់ឆ្នោតជាសមាជិក សភាអឺរ៉ុបជាបន្តទៀត។ ធ្វើយ៉ាងដូច្នេះ គ្រាន់តែចំណេញអ្នកឯង ក៏ប៉ុន្តែបរិវាររបស់អ្នកឯងនៅកម្ពុជា នឹងទទួលភាពខ្ទេចខ្ទាំ បាក់ឆ្អឹងខ្នង។ រឿងអីដែលយើងត្រូវទុក ហើយអ្នកឯងក៏អត់មានសិទ្ធិអីត្រូវមកនិយាយជាមួយខ្ញុំ បន្តទៅទៀតដែរ ទំនាក់ទំនងធម្មតា រដ្ឋ និងរដ្ឋទំនាក់ទំនងធម្មតា។ ប្លុកអាស៊ាន និងប្លុកសហភាពអឺរ៉ុបបន្តចរចាកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីនៅតែបន្តធ្វើ”។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅអឺរ៉ុបផងដែរ កុំឲ្យពួកគេសាងកំហុសជាលើកដី៣ តាមរយៈការដាក់ទណ្ឌកម្មនេះ ព្រោះពួកគេបានសាងកំហុសចំនួន២លើកមកហើយ គឺការគាំទ្ររដ្ឋប្រហារដោយយោធាទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម និងការគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដោយមិនខ្វល់ពីទុក្ខវេទនា ការកាប់សម្លាប់ និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ឥឡូវនេះកម្ពុជាអនុវត្តន៍ប្រជាធិបតេយ្យដ៏ខ្ជាប់ខ្ជួន និងកសាងប្រទេសមួយ ដែលកំពុងវិវឌ្ឍន៍ទៅមុខ ក៏មានការរួមចំណែកនៃការជួយរបស់អស់លោកអ្នក។ ប៉ុន្តែអស់លោកអ្នកក៏ត្រូវតែគិតថា តើគួររក្សាសមិទ្ធិផលអស់លោកអ្នក ដែលជួយកសាងមកនេះ ហើយបន្តជំរុញដំណើរការកែលំអរ សភាពការណ៍ ដើម្បីឲ្យសេដ្ឋកិច្ចកាន់តែល្អ។ លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែល្អប្រសើរ ឬក៏អ្នកឯងត្រូវសម្លាប់វាចោលត្រឹមហ្នឹង ត្រឹមកន្លែងហ្នឹង? ជ្រើសរើសទៅ៕