ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី បង្ហាញថាកម្ពុជាកាន់តែមានការទទួលស្គាល់ ពីសហគមន៍អន្តរជាតិ ផ្នែកការទូត

70


សៀមរាប៖​ ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំជាលើកដំបូងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) គឺបង្ហាញថាកម្ពុជាកាន់តែមានការទទួលស្គាល់ ពីសហគមន៍អន្តរជាតិ ផ្នែកការទូត នយោបាយលើឆាកអន្តរជាតិ សហគមន៍អន្តរជាតិទាំងមូល បានផ្តល់ការគាំទ្រមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ១០០ភាគរយ នេះបើតាមប្រសាសន៍លោក ឯក ថា អនុប្រធានគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)។

ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មាន​ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នៅលើទឹកដីសៀមរាបអង្គរនាទីលានជល់ដំរី លោក ឯក ថា បានឲ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាលើកដំបូង​ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ កម្ពុជារៀបចំលក្ខណៈសម្បត្តិរួចរាល់អស់ហើយ។ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដោយលើកប្រធានបទ សំខាន់ៗចំនួន៤ ភ្ជាប់ទៅនឹងវប្បធម៌ ដើម្បីពិភាក្សា​មុនចេញសេចក្តីថ្លែងការណ៍​​ រួមនៅទីក្រុងសៀមរាប។

លោក ឯក ថា បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ទី១. ការ លេចឡើងនូវពិភពលោកមួយ​ ទស្សនទានចម្រុះ និងអត្តសញ្ញាណអាស៊ី។ ទី ២. ការតភ្ជាប់ រវាងវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទី៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការ ផ្សារភ្ជាប់រវាងអរិយធម៌ និង ទី៤. ការកសាងសហគមន៍មួយ សម្រាប់ជោគវាសនាតែ​មួយនៅ​អាស៊ី។ លោកបានបន្ដថា កម្មវិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ១៥-១៦ ខែមករា ឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានគូសបញ្ជាក់ថា ការធ្វើ​ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំបូងបង្អស់ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប នឹងមានភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពី២៦ ប្រទេស ​ទូទាំងទ្វីបអាស៊ី។ លោកបន្ថែមថា ACCត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយ អង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមាន​តំណាង​គណបក្សនយោបាយជាង៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ ក្រុមប្រឹក្សានេះ ត្រូវបានទទួល ស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ(UNESCO) អង្គការICAPPនិង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។

លោក ឯក ថា បានបញ្ជាក់ថា បើនិយាយពីការទូត គឺកម្ពុជាកាន់តែមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ផ្នែកការទូត នយោបាយលើឆាកអន្តរជាតិរបស់យើងមានសភាពខ្លាំងក្លាណាស់ពីមួយឆ្នាំទៅមួយឆ្នាំយើង ឃើញថានៅលើឆាកអន្តរជាតិការដែលគេប្រគល់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើជាប្រធានវប្បធម៌អាស៊ី ហើយការធ្វើជាអ្នកដឹកនាំកិច្ចប្រជុំទាំងមូលបង្ហាញឲ្យឃើញថា សហគមន៍អន្តរជាតិទាំងមូលផ្តល់ការគាំទ្រមកលើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ១០០ភាគរយ។ “កាលណាយើងធ្វើអ៊ីចឹងវាជួយឲ្យសហគមន៍អន្តរជាតិមើលមកប្រទេសកម្ពុជាថា ជាគំរូមួយក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ទាំងរូបិយ និងអរូបិយ។ វាទាក់ទងដល់ទេសចរណ៍វប្បធម៌ តាមរយៈសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងទៅកាន់ពិភពលោកខាងក្រៅថា ប្រទេសកម្ពុជា គឺជាឋានសួគ៌ទេសចរណ៍ផ្នែកវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ” លោកឯក ថា បា​នបញ្ជាក់បន្ថែម។

លោក បានធ្វើការកតសម្គាល់ថា នៅពេលដែលកម្ពុជា ទទួលបានអ្នកទេសចរកាន់តែច្រើន អ្នកវិនិយោគ ក៏នឹងមកកម្ពុជា កាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង