ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករ វាយសម្លាប់ស្រ្តីរកស៊ីចងការប្រាក់ម្នាក់ ប្លន់យកទ្រព្យសម្បត្តិអស់ជិត៤ម៉ឺនដុល្លារ

68

កណ្តាល៖ ស្រ្តី ១នាក់ ត្រូវបានឃាតករ មិនស្គាល់មុខ ប្លន់សម្លាប់ យកទ្រព្យសម្បត្តិអស់ជិត៤ម៉ឺនដុល្លារ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
នគរបាលមូលដ្ឋានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរមេផ្ទះ និងរកស៊ីចងការប្រាក់ មានស្រុកកំណើត ស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សម្ភារដែលចោរប្លន់យកទៅបាត់ រួមមាន លុយដុល្លារចំនួន៣០.០០០ដុល្លារ, លុយខ្មែរចំនួន២លានរៀល ខ្សែកមាស២ដំឡឹង ចិញ្ចៀនមាស៥ជី និង ខ្សែដៃមាស៥ជី។

នគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងពីសភាពនៃរឿងហេតុនេះថា
តាមការបំភ្លឺរបស់ប្ដីជនរងគ្រោះឈ្មោះ វង្ស សម្បត្តិ អាយុ ៥៤ឆ្នាំនៅថ្ងៃទី១៤មករា២០១៩វេលាម៉ោង៦ព្រឹក គាត់បានទៅធ្វើការ ដោយជនរងគ្រោះជាប្រពន្ធនៅផ្ទះតែម្នាក់ឯង បន្ទាប់មកនៅវេលាម៉ោង ១៧.១៥នាទី ប្ដីជនរងគ្រោះបានត្រឡប់មកដល់ផ្ទះ ពេលនោះក៏ឃើញទ្វារខាងមុខបើកចំហរ បានឈប់ម៉ូតូ រួចក៏អូសម៉ូតូចូលទៅក្នុងផ្ទះ ហើយដើរទៅផ្ទះបាយខាងក្រោយ បន្ទាប់មកបានដើរទៅកាត់សក់ តែមិនបានកាត់សក់ ព្រោះជាងជាប់រវល់ រួចប្ដីជនរងគ្រោះ បានដើរត្រឡប់មកផ្ទះវិញ ហើយ
ក៏បានបើកទ្វារបន្ទប់ មើលឃើញជនរងគ្រោះដេកដួលទៅនឹងការ៉ូរួចបានបីត្រកងជនគ្រោះ មកក្រៅទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ រួចរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមាន៖ អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យកោសល្យវិច័យខេត្ត ជំនាញស្រុក ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា៖ សាកសពមានស្នាមរលាត់លើចង្ការខាងឆ្វេង ប្រវែង១សង្ទីម៉ែត្រ សាកសពមានស្នាមរលាត់នៅលើស្លាបច្រមុះខាងស្ដាំ មានស្នាមរលាត់លើផ្នែកចង្ការខាងក្រោមប្រវែង១សង្ទីម៉ែត្រ មានស្នាមជាំនៅលើក្បាលជង្គង់ខាងឆ្វេង មានស្នាមរលាត់ចង្វែកមេដៃខាងឆ្វេង រីកប្រស្រីភ្នែក(ប្រឹង) មានស្នាមបែកបបូរមាត់លើក្រោម សាកសពមានកំពស់១,៥២ម៉ែត្រ ។ ការសន្និដ្ឋានបឋម របស់គ្រូពេទ្យកោសល្យវិច័យ និងផ្នែកជំនាញខេត្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយ អំពើឃាតកម្ម ។
ករណីនេះ សមត្ថកច្ច ជំនាញខេត្តស្រុក កំពុងបន្តកិច្ចការស្រាវជ្រាវនិង ស៊ើបអង្កតបន្ត តាមនីតិវិធី ៕


អត្ថបទដែលជាប់ទាក់ទង