ដឹងមូលហេតុ គឺឡានសណ្តោងឡានស្ទូច ឡើងស្ពានអ្នកលឿង ដាច់ខ្សែរអិលថយក្រោយ បុកបង្កាន់ដៃស្ពាន
ព្រៃវែង ៖ រថយន្ត ១គ្រឿង បានសណ្តោងរថយន្តស្ទូច១គ្រឿង ឡើងស្ពានអ្នកលឿង រួចដាច់ខ្សែសណ្តោង រអិលឡានស្ទូចថយក្រោយ មកបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យខូចខាតយ៉ាងដំណំ បាក់ដែកបំពង់ទីប៥កង់ ស្មើ១២ម៉ែត្រ និងបាក់ផ្ទាំងថ្មបេតុងចំនួន២ម៉ែត្រកន្លះ កាលពីយប់ទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣និង៤០នាទី ចំណុចលើស្ពានអ្នកលឿង ត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៍ ខេត្តព្រៃវែង។
នៅយប់ថ្ងៃកើតហេតុគឺមានរថយន្តស្ទូច១គ្រឿង ម៉ាកTADANO ពណ៌លឿង ពាក់ស្លាកលេខ៥A,០៥២១ បានខូចនៅចំណុចគល់ស្ពាន ស្ថិតក្នុងភូមិសាស្ត្រខាងលើ។ ក្រោយមកនៅមុនពេលកើតហេតុ ក៏មានរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាកមកសណ្ដោងឡើងស្ពាន ទិសដៅពីកើតទៅលិច បានចម្ងាយប្រហែល៩០ម៉ែត្រ ក៏ដាច់ខ្សែសណ្ដោង ធ្វើឲ្យរថយន្តស្ទូច រអិលថយក្រោយទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យស្ពានអ្នកលឿង ខូចខាតយ៉ាងដំណំ ហើយអ្នកបើករថយន្តស្ទូច និងព្រូ បាននាំគ្នារត់ឡើងលើរថយន្តសណ្ដោង បើកគេចខ្លួនបាត់។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុធ្វើការវាស់វែងផងដែរ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើ បង្កការខូចខាតស្ពាន បាក់ដែកបំពង់ទីបដៃស្ពានចំនួន៥កង់ ប្រវែង១២,៥ម៉ែត្រ និងបាក់ជញ្ជាំងថ្មបេតុងប្រវែង២,៥ម៉ែត្រ។
រថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដើម្បីស្រាវជ្រាវរកម្ចាស់ និងជនបង្កមកទទួលខុសត្រូវតាមច្បាប់៕