ឧបការីរងក្រសួងការពារជាតិអាមេរិចធ្វើទស្សនកិច្ច នៅកម្ពុជា២ថ្ងៃ
លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាមេរិក ដែលទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានជួបពិភាក្សាជាមួយ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នៅថ្ងៃរសៀលថ្ងៃទី១៥ ខែមករានេះ។
លោក Joseph H. Felter មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗ ដោយរួមទាំងលើសំណុំរឿងលោក កឹម សុខា សិទ្ធិសេរីភាពសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា។
សេចក្ដីជូនដំណឹងពីស្ថានទូតអាមេរិក បានសរសេរថា ជំនួបនេះ គឺដើម្បីពិភាក្សាពីចក្ខុវិស័យរួម ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពបើកចំហ និងមានភាពសេរី និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធា និងយោធាដ៏ល្អមួយ អាចជួយកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន ដោយគ្មានការបង្ខិតបង្ខំ ដើម្បីធានាបាននូវសន្តិភាព វិបុលភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។
សេចក្ដីជូនដំណឹងដដែលបាន បញ្ជាក់ថា លោក Felter នឹងពិភាក្សាពីជំហានបន្ទាប់ សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ ដែលរួមមានការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី។
បន្ទាប់មកលោកនឹងពិភាក្សាគ្នាពីផ្លូវឆ្ពោះទៅមុខមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងយោធានៅពេលរដ្ឋាភិបាលកម្ពុជាធ្វើឱ្យមានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ននិងការអនុវត្តកំណែទម្រង់នានារួមទាំងការទម្លាក់រាល់ការចោទប្រកាន់ប្រឆាំងលោកកឹមសុខានិងអនុញ្ញាតឱ្យសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី។
គួរជំរាបជូនថា នេះគឺជាដំណើរទស្សនកិច្ចលើកទី១ របស់មន្ត្រីជាន់ខ្ពស់យោធាអាមេរិកនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩នេះ បន្ទាប់ពីសហរដ្ឋអាមេរិកកំពុងត្រៀមដោះដូរឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា និងស្របពេលដែលទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ហាក់មានគម្លាតពីគ្នាកាន់តែឆ្ងាយទៅៗ។
កាលពីថ្ងៃទី ១៤ មករា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានខ្លាំងៗ ពីការដាក់គំនាប់កាន់តែខ្លាំងលើអតីតគណបក្សប្រឆាំងនៅកម្ពុជា ប្រសិនបើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា៕